ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យអាជីវកម្មកម្សាន្តនានានៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញហើយចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែ តម្រូវឱ្យបន្តអនុវត្តតាមវិធានការសុខាភិបាល ដើម្បីការពារការឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ សាលារាជធានីភ្នំពេញ បញ្ជាក់ថា អនុញ្ញាតឱ្យបើកដំណើរការឡើងវិញអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះ។
បើតាមសេចក្ដីសម្រេចនេះ សាលារាជធានីភ្នំពេញ បានក្រើនរំលឹកទៅដល់ម្ចាស់អាជីវកម្មកម្សាន្តនានា ឱ្យបន្តអនុវត្តតាមវិធានការ«៣ ការពារ» និង «៣ កុំ»របស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្ដីណែនាំរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។
អាជីវកម្មកម្សាន្តទាំងអស់នៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរណែនាំឱ្យផ្អាកដំណើរការអស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីការផ្ទុះរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈក្នុងឆ្នាំនេះ។
អាជីវកម្មកម្សាន្តនេះ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបែបនេះ បន្ទាប់ពីករណីឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅទូទាំងប្រទេសបានធ្លាក់ចុះជាបន្តបន្ទាប់។
តួលេខរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃនេះ បានឱ្យដឹងថា កម្ពុជារកឃើញមនុស្សត្រឹមតែ ២២នាក់បន្ថែមទៀតប៉ុណ្ណោះ បានឆ្លងមេរោគកូវីដ-១៩ ខណៈដែលតួលេខអ្នកស្លាប់ដោយសារកូវីដ-១៩ប្រចាំថ្ងៃ មានត្រឹមតែ ៥នាក់ប៉ុណ្ណោះ ក្នុងនោះ ៣នាក់មិនបានចាក់វ៉ាក់សាំង៕