ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថាស្ថានភាពនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងមើលឃើញពីការដួលរលំស្ទើរតែទាំងស្រុងនៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់មនុស្សជាតិប៉ាឡេស្ទីន។

សារព័ត៌មាន Al Jazeera រាយការណ៍ថា អ្នកនាំពាក្យក្រុមហាម៉ាសលោក Abdel Latif al-Qanua ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល IDF លើតំបន់ហ្កាហ្សាស្ទ្រីប។

ក្រុមអាជ្ញាធរសុខាភិបាលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធនោះដែរថា មនុស្សយ៉ាងហោចណាស់ ៨៣០នាក់ ត្រូវបានសម្លាប់ និង១.៧៨៧នាក់ផ្សេងទៀតបានរងរបួសក្នុងដែនដីហែកហួរដោយសង្គ្រាមហ្កាហ្សាស្ទ្រីប ចាប់តាំងពីយោធាអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លានៅទូទាំងតំបន់នេះសម្លាប់មនុស្សដ៏រង្គាលកាលពីថ្ងៃទី១៨ខែមីនា។អ្នកនាំពាក្យទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) លោក Adnan Abu Hasna បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាស្ថានភាពនៅតំបន់ហ្កាហ្សាស្ទ្រីបឥឡូវនេះគឺពិបាកកាន់តែខ្លាំងតាំងពីសង្រ្គាមចាប់ផ្ដើម។
លោក Abu Hasna បាននិយាយថា ឥឡូវនេះតំបន់នេះកំពុងប្រឈមការដួលរលំនៃប្រព័ន្ធទឹក និងអនាម័យ និងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ជាថ្មី និងការអនុញ្ញាតឲ្យរថយន្តជំនួយចូល។
ទន្ទឹមនឹងនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃពុធថាការបិទច្រកឆ្លងកាត់គឺជា "ឧក្រិដ្ឋកម្មមនុស្សធម៌" ដ៏ធំមួយប្រឆាំងនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ "ធ្វើឱ្យមានមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរ" សម្រាប់អ្នករស់នៅក្នុងតំបន់ហ្កាហ្សា៕