
ភ្នំពេញ៖ ក្រៅពីការផ្ញើសារតាមហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោ ដើម្បីចូលរួមអបអរសាទរខួប៥ឆ្នាំនៃការដាក់ បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់កូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
សាររបស់សម្ដេចតេជោនៅក្នុងហ្វេសប៊ុកដដែលបន្តថា កាលពី៥ឆ្នាំមុន នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី “ ចាប៉ីដងវែង “ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ៕ ដោយ៖ គង់ ឌិន