ប្រធានក្រុមឃ្លាំមើលថាមពលអាតូមិកអង្គការសហប្រជាជាតិ(UN)និយាយថា រោងចក្រថាមពលនុយក្លេអ៊ែរគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងដំណើរការឡើងវិញ ក្នុងរយៈពេលច្រើនខែនៃបទឈប់បាញ់ ប៉ុន្តែវាប្រហែលជាត្រូវការរយៈពេលជាង ១ឆ្នាំ ក្នុងការចាប់ផ្តើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រទាំង ៦ នៅក្នុងរោងចក្រមួយនេះ ។
កងកម្លាំងរុស្ស៊ី ដណ្តើមបានការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបមួយនេះ រយៈពេល ១សប្តាហ៍ ក្រោយពួកគេវាយប្រហារអ៊ុយក្រែន ។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលបច្ចុប្បន្នស្ថិតនៅជិតខ្សែត្រៀមមុខនោះ ផ្តល់ទិន្នផលថាមពល ២០ភាគរយក្នុងចំណោមថាមពលទាំងអស់របស់អ៊ុយក្រែន កាលពីមុនសង្រ្គាម ។ ម៉ាស៊ីរ៉េអាក់ទ័ររបស់វាទំាងអស់ ត្រូវបានបិទ ស្របពេលដែលសង្រ្គាមនៅតែបន្ត ហើយនិងគំរាមកំហែងបង្កឲ្យមានឧបទ្ទេវហេតុគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
រុស្ស៊ី និងអ៊ុយក្រែន បានចោទដាក់គ្នាចំពោះការវាយប្រហារ រួមទាំងការផ្លោងគ្រាប់កាំភ្លើងធំ និងការវាយប្រហារយានដ្រូន ដែលបានធ្វើដាច់ខ្សែថាមពលចាំបាច់ចំពោះការការពារការរលាយ ការបំផ្លិចបំផ្លាញរថយន្តរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ហើយនិងធ្វើឲ្យប៉មបន្ថយកម្តៅ ឆាប់ឆេះជាអគ្គិភ័យ ។
លោក Rafael Grossi គឺជាប្រធាន IAEA និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍ថា អ្វីដែលពួកយើងចង់បាន គឺពួកយើងចង់មានពេលវេលាបញ្ជាក់ថា លែងមានសង្រ្គាមទៀតហើយនៅក្នុងតំបន់មួយនេះ ។
សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងជំរុញឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយទំនាក់ទំនងយ៉ាងឆាប់រហ័សរបស់ពួកគេជាមួយទីក្រុងម៉ូស្គូ បានធ្វើឲ្យទីក្រុងគីវ និងបណ្តាប្រទេសនៅអឺរ៉ុប មានការព្រួយបារម្ភ ៕