ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបញ្ជាក់ជាថ្មីនូវការគាំទ្ររយៈពេលវែងរបស់អឺរ៉ុបសម្រាប់អ៊ុយក្រែនក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ២៧ មីនាសប្ដាហ៍នេះ ដោយសន្យាបង្កើនការចំណាយផ្នែកប្រាក់កម្ចីរបស់សហភាពអឺរ៉ុបពី ក្រុមប្រទេស G7 ដល់អ៊ុយក្រែន។

លោកស្រី Von der Leyen បាននិយាយថា អ្វីដែលគេហៅថា "សម្ព័ន្ធនៃឆន្ទៈដូចគ្នា" កាន់តែធំ រឹងមាំ និងមានការប្តេជ្ញាចិត្តកាន់តែខ្លាំង បន្ទាប់ពីកិច្ចប្រជុំកំពូល ជាលើកទីបីដោយបណ្តាប្រទេសអឺរ៉ុប ក្រោយមានការព្រួយបារម្ភក្នុងចំណោមបណ្ដាមេដឹកនាំអឺរ៉ុបថា សហរដ្ឋអាមេរិកលែងតំណាងឱ្យការគាំទ្រដ៏រឹងមាំសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធរយៈពេលបីឆ្នាំរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

លោកស្រី ក៏បាននិយាយផងដែរថា កិច្ចប្រជុំកំពូលនេះ បានព្រមព្រៀងគ្នាថា ទណ្ឌកម្មលើរុស្ស៊ីមិនគួរត្រូវបានដកចេញឡើយ ដោយបន្ថែមថា ការវិនិយោគលើសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន និងអឺរ៉ុបគឺចាំបាច់ណាស់។
អឺរ៉ុប កំពុងស្ថិតនៅក្រោមសម្ពាធពីប្រធានាធិបតីអាមេរិកលោក Donald Trump ឱ្យទទួលយកចំណែកកាន់តែច្រើននៃបន្ទុកការចំណាយលើសន្តិសុខនៅក្នុងប្លុករបស់ខ្លួន ប៉ុន្តែកំណើនសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន និងកម្រិតបំណុលខ្ពស់របស់ទ្វីបនេះ បានធ្វើឱ្យស្មុគស្មាញដល់ការងាររបស់ប្លុកនេះ៕
