យន្តហោះឈ្លបយកការណ៍រុស្ស៊ីមួយគ្រឿង បានចូលទៅជិតភាគឦសានប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ មុនពេលវាត្រូវបានជំរុញឲ្យចាកចេញទីនោះ ដោយយន្តហោះចម្បាំងជាច្រើនគ្រឿង។

កងទ័ពអាកាសអាល្លឺម៉ង់ បាននិយាយនៅលើបណ្តាញទំនាក់ទំនង Whatsapp របស់ខ្លួនថា ការជូនដំណឹងប្រតិកម្មរហ័ស (QRA) របស់ខ្លួន ត្រូវបានធ្វើឡើង នៅឯមូលដ្ឋានទ័ពអាកាស Laage ជិតទីក្រុង Rostock នៅលើឆ្នេរសមុទ្របាល់ទិកភាគឦសាន។

កងកម្លាំងអាកាស បាននិយាយនៅក្នុងសារ ដែលបានបញ្ជាក់របាយការណ៍សារព័ត៌មានមុននេះ នៅក្នុង កាសែត Bild ថា៖«មូលហេតុ គឺយន្តហោះមិនស្គាល់អត្តសញ្ញាណមួយនៅលើសមុទ្របាល់ទិក ដែលកំពុងហោះហើរ ដោយគ្មានផែនការហោះហើរ ឬប្រព័ន្ធទំនាក់ទំនងឡើយ»។
យន្តហោះចម្បាំង Eurofighter របស់អាល្លឺម៉ង់ បានព្យាយាមកំណត់អត្តសញ្ញាណយន្តហោះឈ្លបយកការណ៍ Ilyushin Il-20 ដែលត្រូវបាន «អមដំណើរ» ត្រឡប់ទៅតំបន់ Kaliningrad របស់រុស្ស៊ីវិញ ពីកន្លែងដែលយន្តហោះនេះ ត្រូវបានតាមដានជាលើកដំបូង។
សារព័ត៌មាន Bild បានឲ្យដឹងទៀតថា យន្តហោះរុស្ស៊ីនេះ ត្រូវបានឃើញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ភាគខាងកើតនៃកោះបាល់ទិក Rugen របស់អាល្លឺម៉ង់ ពីកន្លែងដែលវាកំពុងឆ្ពោះទៅកាន់ «ដែនអាកាសរបស់អាល្លឺម៉ង់»។