សាលាក្រុងបាងកក និយាយនៅថ្ងៃសុក្រនេះថា រាជធានីប្រទេសថៃមួយនេះ ត្រូវបានប្រកាសថាជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា វាយប្រហារប្រទេសជិតខាងមីយ៉ាន់ម៉ា ។
រូបភាពវីដេអូឃ្លីបពីទីក្រុងបាងកក ឃើញសាកសពមនុស្សយ៉ាងហោច ២នាក់ ត្រូវបានគេសែងចេញដោយក្រុមការងារជួយសង្រ្គោះនៅជិតអគារខ្ពស់រាបដល់ដី ដែលកំពុងស្ថិតក្រោមការសាងសង់ ។
ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានអង្រួនប្រទេសមីយ៉ាន់ម៉ា និងធ្វើឲ្យអគារនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាក់រលំ ហើយរបបសឹក បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅតាមតំបន់មួយចំនួន ។
មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Taungoo ប្រទេសមីយ៉ាន់ម៉ា ពេលដែលព្រះវិហារបាក់រលំដោយអន្លើរ ខណៈដែលសារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត រងរបួស ក្រោយសណ្ឋាគារមួយខ្នងបានបាក់រលំនៅទីក្រុង Aung Ban ។
មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក(USGS) បាននិយាយនៅថ្ងៃសុក្រនេះថា សហភាពមីយ៉ាន់ត្រូវបានអង្រួនដោយការរញ្ជួយដី ២លើកជាប់ៗគ្នា ក្នុងកម្រិត ៧,៧រ៉ិចទ័រ និងកម្រិត ៦,៤រ៉ិចទ័រ និងក្នុងជម្រៅដី ១០គ.ម ហើយចំណុចកណ្តាលរបស់វា ស្ថិតនៅចម្ងាយប្រហែល ១៧គ.មពីរដ្ឋធានី Mandalay ដែលមានពលរដ្ឋរស់នៅប្រហែល ១,២លាននាក់ ៕