ក្រុមបាតុករគាំទ្ររបបរាជាធិបតេយ្យ បានប៉ះទង្គិចគ្នាជាមួយក្រុមមន្រ្តីសន្តិសុខ និងបានបំផ្លាញការិយាល័យគណបក្សកុម្មុយនិស្តនេប៉ាល់ គឺគណបក្សសង្គមនិយមបង្រួបបង្រួម នាំឲ្យឈានទៅរកការបញ្ជាឲ្យដាក់បំរាមគោចរនៅទីក្រុងកដ្ឋម៉ាន់ឌូ ស្របពេលដែលបាតុកម្មទាមទារស្តាររបបរាជាធិបតេយ្យនេប៉ាល់ ប្រែក្លាយទៅជាអំពើហិង្សានៅថ្ងៃសុក្រនេះ ។
ក្រុមនគរបាលជាង ៣.៥០០នាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុងកដ្ឋម៉ាន់ឌូ ដើម្បីគ្រប់គ្រងស្ថានការ ។
គួរឲ្យដឹងថា សភាជាប់ឆ្នោត បានលុបចោលរបបរាជាធិបតេយ្យអាយុកាល ២៣៩ឆ្នាំ កាលពីឆ្នាំ ២០០៨ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងដែលបានបញ្ចប់ការបះបោររបស់ក្រុមម៉ៅនិយម ដែលបានសម្លាប់មនុស្ស ១៧.០០០នាក់ ចន្លោះឆ្នាំ ១៩៩៦ និងឆ្នាំ ២០០៦ ហើយនិងបង្កើតរបបសាធារណរដ្ឋសហព័ន្ធ ។
ទោះបីជាយ៉ាងណាក៏ដោយ អស្ថិរភាពនយោបាយបានធ្វើឲ្យនេប៉ាល់រងទុក្ខវេទនា ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យ ក្នុងនោះមានការផ្លាស់ប្តូររដ្ឋាភិបាលយ៉ាងហោច ១០លើក ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយនិងបង្ខំឲ្យពលរដ្ឋរាប់លាននាក់ ស្វែងរកការងារចំណាកស្រុកនៅម៉ាឡេស៊ី កូរ៉េខាងត្បូង និងតំបន់មជ្ឈិមបូព៌ា ៕