រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បាននិយាយថា ទីក្រុងឡុងដ៍ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ ជាមួយសហភាពអឺរ៉ុប (EU)។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន El Pais របស់ប្រទេសអេស្ប៉ាញថា៖«ឥឡូវនេះ គឺជាពេលវេលាដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង ដើម្បីធានាសន្តិសុខរបស់យើង នៅក្នុងប៉ុន្មានឆ្នាំខាងមុខ» ។ លោក Lammy បានរំលឹកថា ចក្រភពអង់គ្លេស លែងជាសមាជិកសហភាពអឺរ៉ុបទៀតហើយ។ លោករដ្ឋមន្ត្រី បានពន្យល់ថា៖«យើងកំពុងធ្វើការជាមួយដៃគូអឺរ៉ុបរបស់យើង និងជាមួយអង្គការណាតូ ដើម្បីសិក្សាពីលទ្ធភាពទាំងអស់ ក្នុងការពង្រឹងការសម្របសម្រួលរវាងសមត្ថភាពយោធារបស់យើង រួមទាំងការលើកកម្ពស់ការវិនិយោគឯកជនកាន់តែច្រើន នៅក្នុងវិស័យការពារជាតិ»។
លោក Lammy បាននិយាយថា៖«យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិជាមួយសហភាពអឺរ៉ុប ដោយបន្ថែមថា៖«សន្តិសុខរបស់អឺរ៉ុប គឺមិនអាចបំបែកបាន»។