តុលាការបារាំង នៅថ្ងៃចន្ទ (ទី៣១ ខែមីនា) នេះ បានរកឃើញថា មេដឹកនាំក្រុមស្តាំនិយមជ្រុល គឺលោកស្រី Marine Le Pen មានទោសពីបទក្លែងបន្លំថវិការបស់សហភាពអឺរ៉ុប (EU) ហើយការកាត់ទោស ដែលត្រូវបានរំពឹងកើតឡើងឆាប់ៗនេះ នឹងអាចឃើញលោកស្រីត្រូវបានរារាំងមិនឲ្យចូលរួមប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ ជាអ្វីដែលធ្វើឲ្យនយោបាយនៅប្រទេសបារាំងកាន់តែស្ថិតក្នុងភាពមិនច្បាស់លាស់។
លោកស្រី Le Pen ប្រធានគណបក្សស្តាំនិយមជ្រុល គឺបក្សរួបរួមជាតិ (RN) គឺជាបេក្ខជននាំមុខគេនៅក្នុងការស្ទង់មតិ មុនការបោះឆ្នោតឆ្នាំ២០២៧។
រដ្ឋអាជ្ញាបានស្នើសុំឲ្យលោកស្រី Le Pen ប្រឈមនឹងការហាមឃាត់រយៈពេល ៥ឆ្នាំភ្លាមៗ មិនឲ្យកាន់តំណែងក្នុងការិយាល័យសាធារណៈ ប្រសិនបើត្រូវបានរកឃើញថា មានទោស ដោយមិនគិតដល់ដំណើរការប្ដឹងឧទ្ធរណ៍ណាមួយឡើយ ដោយប្រើវិធានការដែលគេហៅថា «ការអនុវត្តសាលក្រមបណ្តោះអាសន្ន»។ ចៅក្រមអាចយល់ព្រមតាម កែសម្រួល ឬមិនអនុវត្តតាមសំណើរបស់រដ្ឋអាជ្ញា។
បម្រាមរយៈពេល ៥ឆ្នាំ ដោយស្វ័យប្រវត្តិ នឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លោកស្រី Le Pen វ័យ ៥៦ឆ្នាំ ជាបេក្ខជនប្រធានាធិបតី ៣សម័យកាល ដែលបាននិយាយថា ឆ្នាំ២០២៧ នឹងក្លាយជាការឈរឈ្មោះចុងក្រោយរបស់លោកស្រី សម្រាប់តំណែងដ៏កំពូលនេះ។ លោកស្រីនឹងរក្សាបានអាសនៈសភា រហូតដល់ចប់អាណត្តិ។
អំឡុងពេលចេញសាលក្រមប្រកាសទោសនេះ លោកស្រីចៅក្រម Benedicte de Perthuis បាននិយាយថា លោកស្រី Le Pen គឺជាបុគ្គលដ៏សំខាន់នៃប្រព័ន្ធដែលត្រូវបានដាក់ឲ្យប្រើប្រាស់ដោយគណបក្ស ដើម្បីប្រើប្រាស់មូលនិធិរបស់ EU ក្នុងគោលបំណងបើកប្រាក់ខែឲ្យបុគ្គលិករបស់គណបក្សដែលមានមូលដ្ឋាននៅប្រទេសបារាំង៕