អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាស្ទ្រីប និយាយថា មនុស្សជាង១.០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការបន្តការវាយលុករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។ យោធាអ៊ីស្រាអែល បានបន្តការវាយលុកជាថ្មី នៅថ្ងៃទី ១៨ ខែមីនា ក្នុងពេលការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានជាប់គាំង។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានដាក់ចំនួនអ្នកស្លាប់ចាប់តាំងពីពេលនោះមក មានចំនួន ១.០០១នាក់។
អ៊ីស្រាអែល បានចេញការជូនដំណឹងការជម្លៀសប្រជាជនកាលពីថ្ងៃចន្ទដល់អ្នកស្រុកនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ខណៈខ្លួនបានបង្កើនការវាយលុក។

មានការតវ៉ាជាច្រើនថ្ងៃនៅក្នុងប្រទេសអ៊ីស្រាអែល ប្រឆាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលក្រុមអ្នកតវ៉ាបាននិយាយថា ការវាយលុកជាថ្មីនេះ អាចធ្វើឲ្យជីវិតចំណាប់ថ្នូរអ៊ីស្រាអែល ស្ថិតក្នុងគ្រោះថ្នាក់។
ហ្វូងមនុស្សដ៏ច្រើនបានប្រមូលផ្តុំគ្នាសម្រាប់ការតវ៉ាមួយនៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យរដ្ឋាភិបាលនាំមកនូវការដោះលែងចំណាប់ថ្នូរតាមរយៈការចរចាជាមួយក្រុមហាម៉ាស។ អ្នកចូលរួមការតវ៉ាម្នាក់ និយាយថា មិនចាំបាច់ឲ្យអ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួននោះទេ ព្រោះក្រុមហាម៉ាស ហាក់ដូចជាមានឆន្ទៈក្នុងការប្រគល់ចំណាប់ថ្នូរទាំងអស់ត្រឡប់មកវិញ ប្រសិនបើអ៊ីស្រាអែលបញ្ឈប់សង្គ្រាម។