ប្រធានាធិបតីបណ្តោះអាសន្នលោក Ahmad Al-Sharaa បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអន្តរកាលថ្មីនៅក្នុងសាធារណរដ្ឋអារ៉ាប់ស៊ីរី នឹងមានបំណងសម្រាប់ការឯកភាពគ្នា ក្នុងការកសាងប្រទេសដែលហែកហួរដោយសង្រ្គាមនេះ ឡើងវិញ ប៉ុន្តែនឹង «មិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ»។
គណៈរដ្ឋមន្ត្រីអន្តរកាលដែលមានសមាជិក ២៣រូប ត្រូវបានតែងតាំង នៅចុងសប្តាហ៍មុន រយៈពេលជាងបីខែ បន្ទាប់ពីកងកម្លាំងរបស់លោក Sharaa បានដឹកនាំការវាយលុកដែលបានផ្តួលរំលំមេដឹកនាំផ្តាច់ការ លោក បាសា អាល់អាសាដ (Bashar al-Assad)។
លោក Sharaa បានប្រាប់កិច្ចប្រជុំមួយ នៅឯវិមានប្រធានាធិបតី ដែលចាក់ផ្សាយតាមទូរទស្សន៍ស៊ីរី បន្ទាប់ពីការអធិស្ឋាន នៅពិធីបុណ្យ Eid Al-Fitrថា អាជ្ញាធរថ្មីកំពុងស្វែងរកការបង្រួបបង្រួម និងកសាងប្រទេសនិងស្ថាប័នរបស់ខ្លួន ឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១៤ឆ្នាំ។
លោកបាននិយាយថា៖«ប្រវត្តិសាស្រ្តថ្មីកំពុងត្រូវបានសរសេរសម្រាប់ប្រទេសស៊ីរី...យើងទាំងអស់គ្នាកំពុងសរសេរវា»។
លោក Sharaa បាននិយាយថា រដ្ឋមន្ត្រីត្រូវបានជ្រើសរើសផ្អែកលើសមត្ថភាព និងជំនាញ «ដោយពុំមាន មនោគមន៍វិជ្ជា ឬការតម្រង់ទិសនយោបាយឡើយ»។ លោកបានបន្ថែមថា សមាសភាពរបស់រដ្ឋាភិបាលបានពិចារណាលើ «ភាពចម្រុះនៃសង្គមស៊ីរី» ខណៈពេលដែលបដិសេធប្រព័ន្ធកូតាសម្រាប់សាសនា ឬជនជាតិភាគតិច ជំនួសឲ្យការជ្រើសរើស ដើម្បី«ឲ្យចូលរួម»។