សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារទី ១ ខែមេសាថា ខ្លួនបានអនុម័តការលក់យន្តហោះចម្បាំង F-16 តម្លៃ៥,៥៨ពាន់លានដុល្លារទៅឱ្យប្រទេសហ្វីលីពីន ខណៈទីក្រុងវ៉ាស៊ីនតោនគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ក្នុងភាពតានតឹងកំពុងកើនឡើងជាមួយប្រទេសចិន។

ក្រសួងការបរទេស បាននិយាយថា ក្រសួងកំពុងបើកភ្លើងខៀវដល់ការលក់ដែលរួមមានយន្តហោះ F-16 ចំនួន២០គ្រឿង និងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀតទៅឲ្យប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តក្នុងសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា ការលក់នេះនឹង «ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូយុទ្ធសាស្ត្រ ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ សន្តិភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍»។ ការលក់នេះក៏នឹងជំរុញ «សមត្ថភាពរបស់កងទ័ពអាកាសហ្វីលីពីន និង ពង្រឹងការបង្ក្រាបរបស់ខ្លួនលើការការពារដែនអាកាសចំពោះសត្រូវ»។
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានព្យាយាមបង្វែរកិច្ចខិតខំប្រឹងប្រែងផ្នែកយោធារបស់សហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ី ដើម្បីប្រឈមទៅនឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិន ។
ប្រទេសហ្វីលីពីន និងចិន បានឃើញការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាច្រើនខែមកនេះ នៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំង បានអះអាងសិទ្ធិស្ទើរតែទាំងស្រុងនៃផ្លូវទឹកដ៏សំខាន់ ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ការអះអាងរបស់ខ្លួន ពុំទទួលបានក៏ដោយ។