ប្រភពនិយាយថា អ្នកចរចាដ៏សំខាន់របស់វិមានក្រឹមឡាំង ត្រូវបានរំពឹងថានឹងទៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនេះជាទស្សនកិច្ចមន្ត្រីជាន់ខ្ពស់បំផុតរបស់រុស្ស៊ីទៅកាន់អាមេរិក ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក។

ប្រភពបន្តថា លោក Kirill Dmitriev ប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី ដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Vladimir Putin ជាប្រេសិតពិសេសផ្នែកវិនិយោគ និងសេដ្ឋកិច្ចអន្តរជាតិ នឹងជួបជាមួយប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ប្រហែលនៅថ្ងៃពុធ ០២ មេសា នេះ។

ជំនួបនោះនឹងនិយាយពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈពួកគេស្វះស្វែងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ទស្សនកិច្ចរបស់លោក Dmitriev កើតឡើងនៅពេលមានសេចក្ដីរាយការណ៍ពីកិច្ចពិភាក្សារុករករ៉ែរវាងរុស្ស៊ី-អាមេរិក ហើយលោក Trump កំពុងចង់ជួបជាមួយលោក Putin ក្នុងពេលឆាប់ៗ ដើម្បីជួសជុលទំនាក់ទំនងដែលខូច និងបន្ទាប់ពីការហៅទូរសព្ទនាពេលថ្មីៗនេះរវាងមេដឹកនាំទាំងពីរ ដែលផ្តោតលើការឈានដល់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន។

លោក Putin បានលើកឡើងកាលពីខែកុម្ភៈថា អាមេរិកប្រហែលជាចាប់អារម្មណ៍ក្នុងការរុករកធនធានធម្មជាតិរួមគ្នាសម្រាប់រ៉ែលោហៈនៅក្នុងរុស្ស៊ី ខណៈប្រទេសនេះមានរ៉ែធម្មជាតិដ៏ធំបំផុតទី៥ របស់ពិភពលោកនៃលោហធាតុដែលប្រើក្នុងឡាស៊ែរ និងឧបករណ៍យោធា៕