ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃពុធ (០២ មេសា) បញ្ជាឱ្យបិទចន្លោះប្រហោងពាណិជ្ជកម្ម ដែលប្រើក្នុងការដឹកជញ្ជូនកញ្ចប់ទំនិញតម្លៃទាបដោយមិនគិតពន្ធពីប្រទេសចិន ឬត្រូវគេស្គាល់ថាជា "ការលើកលែងពន្ធតូចតាច" នេះបើយោងតាមសេតវិមាន។

ក្រឹត្យនេះនិយាយថា លោក Trump កំពុងបញ្ចប់ "ការមិនគិតពន្ធ" សម្រាប់ទំនិញនានាដែលនាំចូលពីចិន និងទីក្រុងហុងកុង ដោយចាប់ផ្តើមនៅម៉ោង ១២:០១ ពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី០២ ខែឧសភា នេះបើយោងតាមឯកសារដែលផ្តល់ដោយសេតវិមាន។

សកម្មភាពនេះបានបន្ថែមទៅលើភាពច្របូកច្របល់កាន់តែខ្លាំងឡើងក្នុងចំណោមអ្នកលក់រាយ និងក្រុមហ៊ុនដឹកជញ្ជូន ជុំវិញវិធីដោះស្រាយជាមួយនឹងពន្ធបន្ថែមថ្មីរបស់លោក Trump សរុបទាំងអស់ប្រមាណជាង ៥០% លើការនាំចូលពីចិន និងការបញ្ឈប់ការលើកលែងពន្ធ "តូចតាច" សម្រាប់កញ្ចប់ឥវ៉ាន់ដែលមានតម្លៃក្រោម ៨០០ដុល្លារ។

យោងតាមទិន្នន័យរបស់ក្រសួងគយ និងការពារព្រំដែនអាមេរិក បានឱ្យដឹងថា ការដឹកជញ្ជូនប្រហែល ១,៣៦ពាន់លានជើង បានចូលអាមេរិក ដោយប្រើការលើកលែងពន្ធតូចតាចនេះក្នុងឆ្នាំ២០២៤ ដោយកើនឡើង ៣៦% ពីឆ្នាំ២០២៣៕