ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុងខែធ្នូ មានព្រឹត្តិការណ៍សំខាន់ច្រើនណាស់សម្រាប់រូបសម្តេចនៅក្នុងបុព្វហេតុប្រទេសជាតិមាតុភូមិ ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តិ កម្មទឹកកខ្វក់ និងសមិទ្ធផលនានាមួយចំនួនទៀត នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រឹត្តិការណ៍ធំៗសម្រាប់សម្ដេចនៅខែធ្នូនេះ ទី១- គឺ២ធ្នូ ខួបលើកទី៤៣ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ទីពីរ ២ធ្នូ ខួបលើកទី៣៤ នៃវេទិកាហ៊ុនសែន សីហនុ (ហ្វ៊ែអង់តាដឺណ័រ) ១៩៨៧ និង២ធ្នូមួយ ទៀត គឺខួបលើកទី២៣ នៃការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ។
សម្តេចតេជោ បានបកស្រាយលម្អិតអំពីព្រឹត្តិការណ៍នីមួយៗ ដោយសម្តេចបានបញ្ជាក់ថា សម្រាប់ខែធ្នូនេះ គឺមានព្រឹត្តិការណ៍ច្រើនណាស់សម្រាប់រូបសម្តេច ដែលបានដាក់ចេញ និងសម្រេចបាននូវជោគជ័យជាប្រវត្តិសាស្ត្រ ដើម្បីបុព្វហេតុប្រទេសជាតិមាតុភូមិ ជាពិសេសថ្ងៃ២ធ្នូនេះ គឺជាថ្ងៃដែលសម្តេចបានចូលរួមក្នុងក្បាលម៉ាស៊ីន នៃចលនាតស៊ូ ដើម្បីរំដោះប្រទេសជាតិមាតុភូមិឱ្យរួចផុតពីគ្រោះមហន្តរាយពីអតីតកាល៕
អត្ថបទ៖ មុត សុទ្ធ