ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថា អាជ្ញាធរទួរគីនៅថ្ងៃព្រហស្បតិ៍នេះ បានឃាត់ខ្លួនមនុស្សយ៉ាងតិច ១១នាក់ ដែលសង្ស័យថា បានផ្សព្វផ្សាយការអំពាវនាវឲ្យធ្វើពហិការការទិញទំនិញ ផ្សេងៗ ដើម្បីប្រឆាំងនឹងការជាប់ពន្ធនាគាររបស់អភិបាលក្រុងអ៊ីស្តង់ប៊ុល។
សារព័ត៌មាន Anadolu បានឲ្យដឹងថា រដ្ឋអាជ្ញាបានបើកការស៊ើបអង្កេតលើការអំពាវនាវនេះ ដោយចោទប្រកាន់ជនសង្ស័យពីបទញុះញង់ «ឲ្យមានការស្អប់ និងការរើសអើង» ដោយបន្ថែមថា អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ ៥នាក់ បន្ថែមទៀត។
មេដឹកនាំនៃគណបក្សប្រឆាំង CHP បានអំពាវនាវឲ្យមានការធ្វើពហិការការទិញទំនិញ កាលពីថ្ងៃពុធ ដើម្បីដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាល បន្ទាប់ពីការចាប់អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu កាលពីថ្ងៃទី ១៩ ខែមីនា។
លោក Imamoglu គឺជាគូប្រជែងដ៏សំខាន់របស់លោកប្រធានាធិបតី រ៉េសិប តាយីប អឹដូហ្កាន់ (Recip Tayyip Erdogan) ហើយការចាប់ខ្លួនលោក បានបង្កឲ្យមានរលកនៃការតវ៉ាដ៏ធំ ដែលមិនធ្លាប់បានឃើញនៅក្នុងប្រទេសទួរគី អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ។
មនុស្សជិត ២.000នាក់ រួមទាំងនិស្សិត និងយុវជនជាច្រើនរយនាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ា។