សាលក្រមរបស់តុលាការធម្មនុញ្ញទីក្រុងសេអ៊ូល ដែលសម្រេចដកតំណែងលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជាផ្លូវការថ្ងៃសុក្រ (០៤ មេសា) នេះ បានទាញទាក់ប្រតិកម្មចម្រុះពីប្រជាជនកូរ៉េខាងត្បូង ដោយបាតុកររាប់ពាន់នាក់ដែលប្រមូលផ្ដុំគ្នារង់ចាំស្ដាប់ការសម្រេចចិត្តរបស់តុលាការ បានស្រក់ទឹកភ្នែកយ៉ាងសោកសៅ ហើយអ្នកខ្លះទៀតក៏រីករាយ បន្ទាប់ពីលទ្ធផលចេញមក។

ក្រុមបាតុករប្រឆាំងនឹងលោក Yoon បានត្រេកអរនៅពេលបានឮសេចក្តីប្រកាសនេះ ដោយមនុស្សម្នាឱបគ្នាយ៉ាងរីករាយជាមួយក្រុមបាតុករផ្សេងទៀត។ នៅឯជំរំគាំទ្រលោក Yoon វិញ អារម្មណ៍របស់បាតុករមិនសូវល្អនោះទេ ដោយមានអ្នកខ្លះយំយ៉ាងក្ដុកក្ដួល ហើយអ្នកផ្សេងទៀតមើលទៅហាក់ដូចជាមិនសប្បាយចិត្តទាល់តែសោះ ដោយសារមេដឹកនាំដែលពួកគេស្រលាញ់ពេញចិត្ត ត្រូវជួបជោគវាសនានយោបាយយ៉ាងអាក្រក់។

តុលាការបានសម្រេចគាំទ្រសំណើចោទប្រកាន់ទម្លាក់តំណែងលោក Yoon ដែលអនុម័តដោយសភា ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីឆ្នាំមុន ដែលបានជំរុញឱ្យមានវិបត្តិនយោបាយដ៏ចម្រូងចម្រាសបំផុតក្នុងប្រទេសក្នុងពេលជាច្រើនទសវត្សរ៍។

បន្ទាប់ពីលោក Yoon ត្រូវដកតំណែង ការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ យោងបើតាមរដ្ឋធម្មនុញ្ញរបស់កូរ៉េខខាងត្បូង ហើយមេដឹកនាំស្ដីទីនឹងនៅបន្តកាន់អំណាចរហូតដល់ប្រធានាធីបតីថ្មីត្រូវបានជ្រើសរើស៕