ការិយាល័យអគ្គអធិការកិច្ចរបស់មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើការប្រើប្រាស់កម្មវិធីផ្ញើសារមួយឈ្មោះថា Signal របស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ជុំវិញការសម្របសម្រួលលើប្រតិបត្តិការយោធាដ៏រសើបខ្លាំងកាលពីថ្ងៃទី១៥ ខែមីនា នៃការវាយប្រហាររបស់អាមេរិក លើក្រុមសកម្មប្រយុទ្ធហ៊ួទី របស់យេម៉ែន។

នៅក្នុងអនុស្សរណៈដែលផ្ញើទៅកាន់លោក Hegseth ការិយាល័យអគ្គអធិការបាននិយាយថា ខ្លួននឹងពិនិត្យមើលថា តើការប្រើប្រាស់កម្មវិធី Signal របស់ប្រមុខការពារជាតិរូបនេះ បានបំពេញតាមគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិឬទេ រួមទាំងព័ត៌មានដែលទាក់ទងនឹងរឿងសម្ងាត់ផងដែរ។

លោក Hegseth បាននិយាយម្តងហើយម្តងទៀតថា ពុំមានព័ត៌មានសម្ងាត់ណាមួយត្រូវបង្ហាញនៅក្នុងសារជជែកនោះទេ ទោះបីជាការលេចធ្លាយនោះបានរួមបញ្ចូលពេលវេលាច្បាស់លាស់សម្រាប់ការចាប់ផ្តើមវាយប្រហារតាមអាកាសរបស់អាមេរិក និងព័ត៌មានលម្អិតពីគោលដៅមួយចំនួនក៏ដោយ ដែលត្រូវចាត់ទុកថាជាការណ៍សម្ងាត់តម្រូវឱ្យរក្សាទុកយ៉ាងជិតស្និត មុនពេលប្រតិបត្តិការយោធាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដូចជានៅយេម៉ែននេះជាដើម។

សេចក្ដីលម្អិតនៃសារជជែកនោះ ត្រូវបើកបង្ហាញកាលពីសប្តាហ៍មុន ដោយទស្សនាវដ្តី The Atlantic បន្ទាប់ពីនិពន្ធនាយករបស់ខ្លួនគឺលោក Jeffrey Goldberg ត្រូវបានដាក់បញ្ចូលនៅក្នុងក្រុមជជែកដោយច្រឡំ នៅក្នុងឧប្បត្តិហេតុដ៏អាម៉ាស់មួយពាក់ព័ន្ធនឹងក្រុមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់បំផុតរបស់លោកប្រធានាធិបតី Donald Trump៕