អគ្គលេខាធិការសម្ព័ន្ធយោធា NATO លោក Mark Rutte នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន នៅសប្តាហ៍ក្រោយនេះ ជាលើកដំបូងចាប់តាំងពីលោកចូលកាន់តំណែង កាលពីខែតុលា។ អង្គការណាតូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកអគ្គលេខាធិការ នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍ខាងមុខនេះ។

លោក Rutte គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru ធ្វើទស្សនកិច្ចនៅមូលដ្ឋានកងកម្លាំងស្វ័យការពារដែនសមុទ្រនៅទីក្រុងYokosuka ភាគខាងត្បូងទីក្រុងតូក្យូ និងជួបពិភាក្សាជាមួយអ្នកតំណាងឧស្សាហកម្មជប៉ុន។

មន្ត្រីជាន់ខ្ពស់អង្គការណាតូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា នៅពេលដែល លោក Rutte បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅសហរដ្ឋអាមេរិកកាលពីខែមុន លោក Trump បានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធយោធាណាតូ និងបណ្តាប្រទេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានសារៈសំខាន់ខ្លាំង។
លោក Rutte ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក ដើម្បីធ្វើការឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធយោធាណាតូ និងប្រទេសជប៉ុន។ លោក ទំនងជានឹងផ្លាស់ប្តូរទស្សនៈអំពីរបៀបឆ្លើយតបចំពោះប្រទេសចិន ដែលកំពុងសម្របសម្រួលយ៉ាងស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី ព្រមទាំងលើកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានរបស់ណាតូ ជាមួយឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន។