អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ជារួមថា OPECបូក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងបង្កើនទិន្នផលប្រេងចំនួន ៤១១.០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែឧសភា ដែលលើសពីការរំពឹងទុក។

យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់អង្គការOPEC បានឲ្យដឹងថា ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំតាមអ៊ីនធឺណិត ដែលប្រទេសជាសមាជិក រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងប្រទេសអូម៉ង់ បានវាយតម្លៃពីស្ថានភាពទីផ្សារពិភពលោក និងការរំពឹងទុកនៅពេលអនាគត។

ប្រទេសអង្គការ OPECបូក កាលពីពេលដំបូង មានផែនការបង្កើនទិន្នផលប្រេង ១៣៥.០០០បារ៉ែលក្នុងមួយថ្ងៃ នៅខែឧសភា ជាផ្នែកនៃផែនការដើម្បីបន្ធូរបន្ថយជាបន្តបន្ទាប់នូវការកាត់បន្ថយទិន្នផលរបស់ខ្លួន។ ទោះជាយ៉ាងណា ក្រុមនេះបានកែប្រែយុទ្ធសាស្រ្ត ដោយលើកឡើងពី «មូលដ្ឋានទីផ្សារដែលដំណើរការល្អនៅបន្ត និងទស្សនវិស័យទីផ្សារវិជ្ជមាន»។
ដោយត្រូវបានប្រកាសកាលពីពេលដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ការកាត់បន្ថយផលិតកម្ម២,២លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានដាក់ចេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤។ ការកាត់បន្ថយត្រូវបានពន្យាពេលជាច្រើនដងចាប់តាំងពីពេលនោះមក ដោយការពន្យាពេលចុងក្រោយ បានរុញរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥។