វិធានការដំឡើងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្ហាញកាលពីថ្ងៃពុធ (ទី២ ខែមេសា) នឹងផ្ដល់ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរបន្ថែមទៀតលើសេដ្ឋកិច្ចពិភពលោក ដែលទើបងើបឡើងសន្សឹមៗ ពីអតិផរណាឡើងខ្ពស់ក្រោយជំងឺរាតត្បាត ប្រឈមជាមួយបញ្ហាដោយសារបំណុលខ្ពស់បំផុត និងក្ដីបារម្ភដោយសារជម្លោះភូមិសាស្ត្រនយោបាយ។
ពន្ធដែលលោកប្រធានាធិបតី Donald Trump បានប្រកាស បានធ្វើឲ្យរដ្ឋាភិបាលនានា និងទីផ្សារពិភពលោកស្រឡាំងកាំង ជាមួយនឹងកម្រិតដ៏ធ្ងន់ធ្ងរលើពួកគេ។ សហរដ្ឋអាមេរិកបានដាក់ពន្ធនាំចូលអប្បបរមា ១០ភាគរយលើប្រទេសទាំងអស់ ប៉ុន្តែបានដាក់កម្រិតកាន់តែខ្ពស់លើដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើន ក្នុងនោះរួមទាំងប្រទេសចិនផងដែរ ដែលការនាំចេញរបស់ខ្លួន ឥឡូវនេះ នឹងត្រូវជាប់កាតព្វកិច្ចពន្ធរហូតដល់ ៥៤ភាគរយ ហើយសូម្បីសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក ដូចជាជប៉ុន (២៤ភាគរយ) និងកូរ៉េខាងត្បូង (២៥ភាគរយ) ក៏មិនរួចខ្លួនដែរ។
ផ្អែកលើវិធានការដែលលោក Trump និងបណ្ដាមេដឹកនាំនៃប្រទេសផ្សេងទៀត អនុវត្តនាពេលនេះ វាក៏អាចនឹងក្លាយជាចំណុចរបត់មួយ សម្រាប់ប្រព័ន្ធសាកលភាវូបនីយកម្មផងដែរ ដែលរហូតមកដល់ពេលនេះ បានពឹងផ្នែកលើភាពរឹងមាំ និងស្ថិរភាពរបស់អាមេរិក ដែលជាទីផ្សារដ៏ធំបំផុត។ លោក Takahide Kiuchi ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Nomura បានលើកឡើងថា៖ «វិធានការពន្ធនាំចូលរបស់លោក Trump បង្កើតជាហានិភ័យដល់សណ្ដាប់ធ្នាប់ពាណិជ្ជកម្មសេរីសកលដែលសហរដ្ឋអាមេរិកខ្លួនឯង បានដឹកនាំ និងគាំទ្រចាប់តាំងពីសង្រ្គាមលោកលើកទី២ មក»។

ការដំឡើងពន្ធនេះ បាននាំឲ្យមានការរៀបចំឡើងវិញនូវលំហូរពាណិជ្ជកម្មសកល នៅពេលដែលប្រទេសនានា ឆ្លើយតបជាមួយនឹងវិធានការផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្ម។ ការកើនឡើងថ្លៃដើមនៃទំនិញនាំចូល ត្រូវបានគេរំពឹងថា នឹងជំរុញតម្លៃឡើងខ្ពស់នៅទូទាំងពិភពលោក ដែលរួមចំណែកធ្វើឲ្យអត្រាអតិផរណាកាន់តែខ្ពស់។ ភាពមិនច្បាស់លាស់ និងការកើនឡើងនៃការចំណាយដែលទាក់ទងនឹងពន្ធនេះ ត្រូវបានព្យាករថា នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក អាចប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដោយអាចធ្វើឲ្យវិសមភាពពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។
យ៉ាងណាក្ដី ផលប៉ះពាល់មិនមែនមានតែលើប្រទេសនានាប៉ណ្ណោះទេ ដោយសហរដ្ឋអាមេរិកផ្ទាល់ ក៏ប្រឈមនឹងផលវិបាកដែរ។ ជាក់ស្ដែង បន្ទាប់ពីការប្រកាសនេះ ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់វិនិយោគិន ជុំវិញផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានលើសេដ្ឋកិច្ច។ ហើយអ្នកប្រើប្រាស់អាមេរិកអាចនឹងប្រឈមនឹងបញ្ហាតម្លៃទំនិញនាំចូលឡើងថ្លៃខ្ពស់ ដោយកាត់បន្ថយសន្ទុះទិញរបស់ពួកគេ។
លើសពីនេះទៀត បើទោះបីឧស្សាហកម្មក្នុងស្រុកមួយចំនួន អាចទទួលបានអត្ថប្រយោជន៍ពីការថយចុះនៃការប្រកួតប្រជែងពីបរទេសក៏ដោយ ក៏វិស័យផ្សេងទៀតដែលពឹងផ្អែកលើវត្ថុធាតុដើមនាំចូល អាចជួបនឹងការឡើងថ្លៃដើមផលិតកម្ម។ វិស័យជាច្រើនដែលពឹងលើពាណិជ្ជកម្មអន្តរជាតិ អាចជួបប្រទះនឹងការបាត់បង់ការងារ ដោយសារការថយចុះនៃការប្រកួតប្រជែង និងវិធានការសងសឹកពីប្រទេសផ្សេងៗ៕


