រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Eric Lombard នៅថ្ងៃសុក្រ (ទី៤ ខែមេសា) នេះ បាននិយាយថា សហភាពអឺរ៉ុប (EU) មិនគួរឆ្លើយតបទៅនឹងពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយនឹងវិធានការតបតដូចគ្នានោះទេ ព្រោះវានឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ នៅ EU។
គួរបញ្ជាក់ថា លោក Trump កាលពីថ្ងៃពុធ (ទី២ ខែមេសា) បានបង្ហាញពីកម្រិតពន្ធគយដ៏ទូលំទូលាយលើប្រទេសរាប់សិប ជាមួយនឹងអត្រាមូលដ្ឋាន ១០ភាគរយ សម្រាប់ការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិក។ ចំណាត់ការរបស់លោកបានធ្វើឲ្យទីផ្សារភាគហ៊ុនសកលធ្លាក់ចុះ ចំពេលមានការភ័យខ្លាចពីការឡើងតម្លៃទំនិញ ខណៈដែលប្រទេសជុំវិញពិភពលោក រៀបចំវិធានការសងសឹកទៅសហរដ្ឋអាមេរិកវិញ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ BFM TV លោក Lombard បានប្រាប់ថា៖ «យើងកំពុងធ្វើការលើកញ្ចប់នៃការឆ្លើយតប ដែលអាចលើសពីកម្រិតពន្ធនោះច្រើនគួរសម។ ជាថ្មីម្តងទៀត ការធ្វើបែបនោះ គឺដើម្បីនាំសហរដ្ឋអាមេរិកទៅកាន់តុចរចា និងឈានដល់កិច្ចព្រមព្រៀងដោយយុត្តិធម៌»។
សហភាពអឺរ៉ុបមានការខ្វែងគំនិតគ្នា អំពីការជ្រើសរើសវិធីដ៏ល្អបំផុត ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធនាំចូលរបស់លោក Trump ដោយក្នុងនោះមានរួមទាំងការប្រើប្រាស់ «យន្តការប្រឆាំងការបង្ខិតបង្ខំ» របស់ខ្លួន ដែលអនុញ្ញាតឲ្យប្លុកសងសឹកប្រទេសទី៣ ដែលដាក់សម្ពាធសេដ្ឋកិច្ចលើសមាជិកសហភាពអឺរ៉ុបឲ្យផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន៕