ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ The Mirror Daily បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា គ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ បានបណ្តាលឲ្យអ្នកស្លាប់និងរងរបួសកើនឡើងច្រើន ដោយមានអ្នកស្លាប់ឡើងដល់ ៣.៣៥៤នាក់ របួស៤.៥០៨នាក់ និងបាត់ខ្លួន២២០នាក់។ ជាមួយគ្នានេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ ទី៤ ខែមេសា បាននិយាយថា យោធារបស់សហភាពមីយ៉ាន់ម៉ា កំពុងរឹតបន្តឹងប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ដែលមានភាពចាំបាច់ខ្លាំង សម្រាប់ជនរងគ្រោះដោយសារការរញ្ជួយដី នៅក្នុងតំបន់ ដែលខ្លួនយល់ឃើញថា ប្រឆាំងទៅនឹងការគ្រប់គ្រងរបស់ខ្លួន។ ការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក៏បានឲ្យដឹងផងដែរថា ស្ថាប័ននេះកំពុងស៊ើបអង្កេតការវាយប្រហារដែលត្រូវបានរាយការណ៍ចំនួន ៥៣លើក ដោយរបបយោធាលើភាគីជម្លោះរបស់ខ្លួន ចាប់តាំងពីគ្រោះរញ្ជួយដី បានកើតមានកាលពីថ្ងៃទី២៨ ខែមីនា ដោយក្នុងនោះរួមទាំងការវាយប្រហារតាមអាកាសផងដែរ ដែលចំនួន ១៦លើក បានកើតឡើងបន្ទាប់ពីមានបទឈប់បាញ់ កាលពីថ្ងៃទី២ ខែមេសា។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់ UN លោកស្រី Ravina Shamdasani បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់មានគ្រោះរញ្ជួយដី ជាពិសេសតំបន់ដែលនៅក្រៅការគ្រប់គ្រងរបស់យោធា បានស្ថិតក្នុងភាពមហន្តរាយ។
គួររំលឹកថា ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ជាកម្រិតដ៏ខ្លាំងក្លាបំផុតមួយដែលបានវាយប្រហារសហភាពមីយ៉ាន់ម៉ាជាលើកដំបូង ក្នុងរយៈពេល ១សតវត្សរ៍មកនេះ ៕