
ភ្នំពេញ៖ យោងតាមផេកហ្វេសបុករបស់ស្ថានទូតចិនប្រចំានៅកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២១ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានកើនឡើងដល់ជិត ៩ពាន់លានដុល្លារអាមេរិក ហើយបើព្រៀបធៀបរយៈពេល ១០ដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ មានការកើនឡើងដល់៣៨.៥៦ភាគរយ។
ផេកហ្វេសបុករបស់ស្ថានទូតចិន ដែលបានបង្ហោះនៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានឲ្យ ដឹងថា ថ្មីៗនេះ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា រយៈពេលចំនួន ១០ខែ ក្នុងឆ្នាំ២០២១នេះទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់ ៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ប្រភពបានបញ្ជាក់ថាទំហំ នៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ ១២២២លានដុល្លារអាមេរិក មានកំណើន ៤៩ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញមានចំនួនប្រហែល៧៧០៩លានដុល្លារអាមេរិកមានកំណើន៣៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
តាមរយៈផេកហ្វេសបុករបស់ស្ថានទូតបានឲ្យដឹងផងដែរថា ឯកឧត្ដម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលកត្តានេះបាន បង្ហាញឱ្យឃើញពីភាពខ្លាំងក្លានិងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)៕ អត្ថបទ៖ បាន ចក់
