អង្គការសហប្រជាជាតិបានព្រមានថា ការកាត់បន្ថយថវិកាជំនួយ កំពុងគម្រាមកំហែងបំផ្លាញវឌ្ឍនភាពជាច្រើនឆ្នាំក្នុងការបន្ធូរបន្ថយចំនួនស្ត្រី ដែលស្លាប់អំឡុងពេលមានផ្ទៃពោះ និងសម្រាលកូននៅទូទាំងពិភពលោក ហើយអាចនាំឱ្យមានការស្លាប់កើនឡើងកាន់តែច្រើនថែមទៀត ប្រសិនបើតួលេខជំនួយនៅតែបន្តធ្លាក់ចុះ។

នៅទូទាំងពិភពលោក មានការថយចុះចំនួន ៤០% នៃការស្លាប់មាតានៅចន្លោះឆ្នាំ២០០០ និង២០២៣ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញនៅថ្ងៃចន្ទ (០៧ មេសា) នេះ ដែលភាគច្រើនដោយសារតែការទទួលបានសេវាសុខភាពសំខាន់ៗកាន់តែប្រសើរឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍អមជាមួយរបាយការណ៍នេះ WHO បានព្រមានថា តួលេខនោះអាចផ្ទុយមកវិញ បើសិនជំនួយនៅតែធ្លាក់ចុះ ដោយមិនលើកពីការកាត់បន្ថយណាមួយជាក់លាក់ទេ ប៉ុន្តែការព្រមាននេះកើតឡើងបន្ទាប់ពីមានការបង្កកជំនួយបរទេសដោយរដ្ឋាភិបាលអាមេរិក និងការបញ្ចប់ការផ្តល់មូលនិធិតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សម្រាប់កម្មវិធីជាច្រើន។

ប្រទេសម្ចាស់ជំនួយផ្សេងទៀត រួមទាំងចក្រភពអង់គ្លេស ក៏បានប្រកាសពីផែនការកាត់បន្ថយថវិកាជំនួយផងដែរ។ WHO និយាយថា ការកាត់បន្ថយនេះកំពុងប៉ះពាល់សេវាសំខាន់ៗសម្រាប់សុខភាពមាតា ទារក និងកុមារនៅក្នុងប្រទេសជាច្រើន ខណៈការកាត់ចំនួនបុគ្គលិក និងការបិទមូលដ្ឋានជំនួយ បានបង្អាក់បណ្ដាញផ្គត់ផ្គង់ ដែលជួយសង្រ្គោះជំងឺផ្សេងៗសម្រាប់ស្រ្តីមានផ្ទៃពោះ និងមាតា៕