នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បាននិយាយនៅថ្ងៃចន្ទ (០៧ មេសា) នេះថា រដ្ឋាភិបាលនឹងបន្តស្នើឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump បន្ទូរបន្ថយពន្ធលើប្រទេសជប៉ុន ប៉ុន្តែលោកទទួលស្គាល់ថាលទ្ធផល "នឹងមិនកើតមានភ្លាមៗក្នុងពេលមួយយប់ទេ"។
លោក Ishiba បានប្រាប់សភាថា "រដ្ឋាភិបាលត្រូវតែប្រើគ្រប់មធ្យោបាយដែលមាន" ដើម្បីទប់ស្កាត់ការប៉ះទង្គិចសេដ្ឋកិច្ចពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដូចជាការផ្តល់មូលនិធិសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងចាត់វិធានការដើម្បីការពារការងារមិនឱ្យបាត់បង់។

លោក Ishiba បន្តថា ការសម្រេចចិត្តរបស់លោក Trump ក្នុងការយកពន្ធលើទំនិញនាំចូលពីជប៉ុនគឺ "ជារឿងខកចិត្ត និងសោកស្ដាយជាខ្លាំង" ដោយបន្ថែមថា ជប៉ុននឹងបន្តពន្យល់ថា ខ្លួនមិនបានធ្វើអ្វីអយុត្តិធម៌ចំពោះសហរដ្ឋអាមេរិកនោះទេ។
ការសម្រេចរបស់លោក Trump ក្នុងការយកពន្ធ ២៥% លើការនាំចូលយានយន្ត និងពន្ធបដិការ ២៤% លើទំនិញជប៉ុនផ្សេងទៀត ត្រូវបានគេរំពឹងថានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនាំចេញធុនធ្ងន់របស់ជប៉ុន ដោយអ្នកវិភាគព្យាករថា ពន្ធខ្ពស់អាចនឹងទម្លាក់ប្រហែល ០,៨% នៃកំណើនសេដ្ឋកិច្ច៕

