ក្រុមអ្នកវិទ្យាសាស្ត្រសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃអង្គារ (០៨ មេសា) នេះថា អឺរ៉ុបបានជួបប្រទះនឹងអាកាសធាតុក្តៅបំផុតក្នុងខែមីនា ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ហើយស៊ីតុណ្ហភាពនៅទូទាំងពិភពលោកកំពុងតម្រង់ទៅរកកម្រិតក្ដៅគគុកជាប្រវត្តិសាស្រ្ត ខណៈបម្រែបម្រួលអាកាសធាតុនៅតែបន្តជំរុញកម្ដៅឱ្យឡើងដល់កម្រិត ដែលមិនធ្លាប់មានពីមុនមក ។

នៅទូទាំងពិភពលោក ខែមីនា ឆ្នាំ២០២៥ នេះ គឺជាខែមីនាដែលក្តៅបំផុតទីពីររបស់ភពផែនដីក្នុងកំណត់ត្រា - លើសពីខែមីនា ក្នុងឆ្នាំ២០២៤ នេះបើតាមការលើកឡើងរបស់សេវាបម្រែបម្រួលអាកាសធាតុ Copernicus (C3S) របស់សហភាពអឺរ៉ុប នៅក្នុងព្រឹត្តិបត្រប្រចាំខែមួយ។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកក្នុងខែមីនាគឺ ១,៦អង្សាសេ ខ្ពស់ជាងសម័យមុនឧស្សាហកម្ម។

ខែមីនា បានបន្តដំណើរការនៃកម្ដៅមិនធម្មតា ខណៈរយៈពេល ២០ខែក្នុងចំណោម ២១ខែចុងក្រោយមកនេះ បានមើលឃើញសីតុណ្ហភាពសកលជាមធ្យមលើសពី ១,៥អង្សាសេ ហួសពីកម្រិតសម័យមុនឧស្សាហកម្ម ជាពិសេសនៅទ្វីបអឺរ៉ុប។ គួរឱ្យដឹងថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតលើផែនដីក្នុងកំណត់ត្រារួចទៅហើយ។

កត្តាជំរុញចម្បងនៃបម្រែបម្រួលអាកាសធាតុគឺការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដុតឥន្ធនៈហ្វូស៊ីល នេះបើយោងតាមអ្នកវិទ្យាសាស្ត្រអាកាសធាតុ។ បម្រែបម្រួលអាកាសធាតុកំពុងធ្វើឱ្យតំបន់មួយចំនួនកាន់តែស្ងួតហួតហែង ហើយជំរុញឱ្យមានរលកកម្ដៅដែលអាចធ្វើអោយគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ តាមរយៈការបង្កើនអត្រាហួត ដែលធ្វើឱ្យផ្ទៃដីកាន់តែខ្សោះជាតិទឹក៕