ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏ឃោឃៅ ការខ្វះដំណើរការនិងការផ្តល់មូលនិធិមិនគ្រប់គ្រាន់ បានកំណត់យ៉ាងធ្ងន់ធ្ងរនូវការឆ្លើយតបទៅនឹងការរីករាលដាលជំងឺអាសន្នរោគ នៅក្នុងប្រទេសហៃទី។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ករណីជំងឺអាសន្នរោគដែលសង្ស័យកំពុងកើនឡើងនៅក្នុងរដ្ឋធានី ព័រ អូប្រាំង។

អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ករណីសង្ស័យចំនួន១.២៩៨ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានី រួមទាំងករណីដែលត្រូវបានបញ្ជាក់ចំនួន៩ ករណី និងអ្នកស្លាប់ចំនួន១៩នាក់។

អង្គការ OCHA បាននិយាយថា ស្ថាប័នពិភពលោក និងដៃគូរបស់ខ្លួន បន្តជួយ រួមទាំងការតាមដាន ការគាំទ្រមន្ទីរពិសោធន៍ ការគ្រប់គ្រងករណី ទំនាក់ទំនងហានិភ័យ ការចាក់វ៉ាក់សាំង សេវាទឹកនិងអនាម័យ ការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការិយាល័យសិទ្ធិមនុស្សនៅប្រទេសហៃទី និងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅទីនៅទីនោះ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១.៥១៨ នាក់បានស្លាប់ និង ៥៧២នាក់ បានរងរបួសនៅក្នុងប្រទេសក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ដោយសារការវាយប្រហារដោយក្រុមជនអន្ធពាល ប្រតិបត្តិការធ្វើឡើងដោយកងកម្លាំងសន្តិសុខ ព្រមទាំងអំពើហិង្សាពីសំណាក់សមាជិកក្រុមការពារខ្លួន។