កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ឡើងវិញពីគោលបំណងរបស់លោកក្នុងការឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សាស្រ្ទីប ដោយលោកនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងជំនួបនៅការិយាល័យ Oval ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលោក Benjamin Netanyahu ថា វានឹងក្លាយជារឿងល្អ ។
លោក Trump និយាយថា បើសិនជានាំមនុស្សដែលជាជនប៉ាឡេស្ទីនចេញទៅកាន់ប្រទេសផ្សេង ដល់ពេលនោះតំបន់ហ្កាហ្សានឹងក្លាយជាតំបន់សេរីភាព ។
សំណើរបស់លោក Trumpដែលលោក Netanyahu បង្ហាញការគាំទ្រយ៉ាងពេញចិត្តកាលពីថ្ងៃចន្ទ បានដាក់ចេញជាច្រើនលើកច្រើនសារនៅសប្តាហ៍ដំបូងនៃរដ្ឋបាលរបស់លោក ហើយសំណើមួយនេះ ត្រូវបានថ្កោលទោសនៅជុំវិញពិភពលោកថាជាការបោសសម្អាតជនជាតិភាគតិច ។
នៅថ្ងៃចន្ទនោះដែរ លោក Trumpនិយាយថា លោកចង់ឲ្យសង្រ្គាមនៅតំបន់ហ្កាហ្សាបញ្ចប់ ហើយលោកគិតថា វានឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានចុះយុទ្ធនាការសឹករបស់ខ្លួន ក្រោយក្រុមយុទ្ធជនដឹកនាំដោយជីវពលហាម៉ាស វាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយសម្លាប់មនុស្ស ១.២០០នាក់ និងមនុស្ស ២៥១នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនជាង ៥ម៉ឺននាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ៕