លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសវៀតណាមនឹងទិញទំនិញអាមេរិកបន្ថែមទៀត ក្នុងនោះរួមទាំងផលិតផលការពារជាតិ និងសន្តិសុខផងដែរ ហើយបានស្នើសុំពន្យារពេល ៤៥ថ្ងៃ សម្រាប់ការអនុវត្តវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។
អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃចន្ទ (ទី៧ ខែមេសា) លោក Chinh បានលើកឡើងថា ទីក្រុងហាណូយ ក៏នឹងស្វែងរកការដឹកជញ្ជូនយន្តហោះពាណិជ្ជកម្មឲ្យកាន់តែលឿន ដែលក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបញ្ជាទិញពីសហរដ្ឋអាមេរិកផងដែរ។
ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលជាមូលដ្ឋានផលិតកម្មក្នុងតំបន់ដ៏សំខាន់ សម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើន កាលពីឆ្នាំមុន មានអតិរេកពាណិជ្ជកម្មជាង ១២៣ពាន់លានដុល្លារ ជាមួយនឹងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។
ជាមួយគ្នានេះ លោក Chinh បានប្រាប់ទៀតថា វៀតណាមបានស្នើសុំឲ្យសហរដ្ឋអាមេរិកពន្យារពេលអនុវត្តអត្រាពន្ធ ៤៦ភាគរយ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីសប្តាហ៍មុន ដើម្បីទុកពេលចរចាគ្នា។
សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វៀតណាមកំពុងស្វែងរក «ការចរចាជាមួយភាគីអាមេរិក ដើម្បីឲ្យមាននូវពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ស្របតាមផលប្រយោជន៍របស់ភាគីទាំង២»៕