ប្រទេសហ្គាបុងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកដំបូងនៅថ្ងៃសៅរ៍ខាងមុខនេះ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២៣បញ្ចប់ការកាន់អំណាចរយៈពេល ៥៦ឆ្នាំរបស់គ្រួសារ Bongo ។
ក្រុមមន្រ្តីដឹកនាំដោយលោក Brice Oligui Nguema បានដណ្តើមកាន់កាប់អំណាចកាលពីខែសីហា ឆ្នាំ ២០២៣ គឺជារដ្ឋប្រហារចុងក្រោយក្នុងរលកនៃរដ្ឋប្រហាររយៈពេល ៣ឆ្នាំដែលបានវាយប្រហារអាហ្វ្រិកខាងលិច និងអាហ្រ្វិកកណ្តាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យរយៈពេលច្រើនទសវត្សរ៍នៅក្នុងតំបន់ ។

លោក Nguema ដែលកាលពីដំបូងឡើយសន្យាប្រគល់អំណាចដល់ជនស៊ីវិលវិញនោះ បានប្រកាសខ្លួនលោកថា ជាប្រមុខរដ្ឋាភិបាលអន្តរកាល ហើយកាលពីខែមុន លោកបានប្រកាសបេក្ខភាពរបស់លោកសម្រាប់ការបោះឆ្នោតនៅថ្ងៃសៅរ៍ខាងមុខនេះ ។
គូប្រជែងសំខាន់របស់លោក គឺអតីតនាយករដ្ឋមន្រ្តីរបស់លោក Bongo គឺលោក Alain Claude Bilie By Nze ដែលបានបង្កើតចលនាផ្ទាល់ខ្លួន “រួមគ្នាដើម្បីហ្គាបុង” នៅក្នុងកិច្ចខិតខំ ដើម្បីធ្វើឲ្យខ្លួនលោកនៅឆ្ងាយពីរបបរបស់គ្រួសារ Bongo ។
ទោះបីជាយ៉ាងណាក៏ដោយ គេរំពឹងខ្ពស់ថា លោក Nguema នឹងឈ្នះការបោះឆ្នោតនេះ ដោយសារគុណសម្បត្តិរបស់លោកជាអ្នកកាន់អំណាច និងប្រជាប្រិយភាពរបស់លោកជាស្ថាបនិកបញ្ចប់ការគ្រប់គ្រងគ្មានប្រជាប្រិយភាពរបស់លោក Ali Bongo ៕

