ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ បានព្រមានថា ការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើវិស័យយោធាពិភពលោក ដែលជំរុញដោយបច្ចេកវិទ្យាកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត (AI) កំពុងពន្លឿនការប្រកួតប្រជែងអាវុធថ្មីជាអន្តរជាតិ ជាមួយនឹងផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់សន្តិសុខពិភពលោក។

សុន្ទរកថានេះ ត្រូវបានថ្លែងដោយតំណាងអចិន្ត្រៃយ៍របស់ប្រទេសប៉ាគីស្ថានប្រចាំនៅអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Asim Iftikhar Ahmad ក្នុងអំឡុងពេលកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំឆ្នាំ ២០២៥ របស់គណៈកម្មាធិការរំសាយអាវុធរបស់UN។

ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៨ បន្ទាប់ពីសម័យប្រជុំពិសេសដំបូងនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានប្តេជ្ញាចំពោះការរំសាយអាវុធ គណៈកម្មាធិការរំសាយអាវុធ មានភារកិច្ចបង្កើតសំណើស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការពារការរីកសាយនៃអាវុធប្រល័យលោក។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការនេះ បានធ្វើឲ្យមានការវិវឌ្ឍជាក់ស្តែងតិចតួច ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយជារឿយៗត្រូវបានរិះគន់ចំពោះអសមត្ថភាព ក្នុងការបង្កើតលទ្ធផលជាក់ស្តែង។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ លោក Ahmad បាននិយាយថា៖«យើងកំពុងឃើញការកើនឡើងដែលមិនធ្លាប់មានពីមុនមក នៅក្នុងការចំណាយយោធា នាពេលថ្មីៗនេះ ដោយជំរុញឲ្យមានការប្រកួតប្រជែងសព្វាវុធដែលកើនឡើងឥតឈប់ឈរ បច្ចុប្បន្ននេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប»។ «ការបន្តយ៉ាងជាប់លាប់ នៃការប្រកួតប្រជែងអំណាច និងប្រជែងភូមិសាស្ត្រនយោបាយ បានកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនាំឲ្យយើងនៅឆ្ងាយពីអាទិភាពអន្តរជាតិដ៏សំខាន់នេះ»។