ប្រធានាធិបតីអាមេរិក លោក Donald Trump ជាថ្មីម្តងទៀត បានការពារគោលនយោបាយពាណិជ្ជកម្មដ៏កម្រោលរបស់ខ្លួន ដោយអះអាងថា ពេលនេះទឹកប្រាក់រាប់ពាន់លានដុល្លារ កំពុង "ហូរចូល" សហរដ្ឋអាមេរិក ជារៀងរាល់ថ្ងៃ ដោយសារតែការដំឡើងពន្ធថ្មីលើការនាំចូលពីបរទេស។

ថ្លែងពីបន្ទប់សេតវិមានកាលពីថ្ងៃអង្គារ (០៨ មេសា) ពេលចុះហត្ថលេខាលើក្រឹត្យជាបន្តបន្ទាប់ដែលលើកកម្ពស់ឧស្សាហកម្មធ្យូងថ្ម លោក Trump បានឆ្លៀតការពារពន្ធបដិការដ៏ធំរបស់ខ្លួនលើដៃគូពាណិជ្ជកម្ម ដែលបានចូលជាធរមានលើប្រទេសជាង៦០ នៅយប់ថ្ងៃពុធ (០៩ មេសា) នេះ។

ក្នុងការលើកឡើងកាន់សមាជិកសភា គណៈរដ្ឋមន្ត្រី នាយកប្រតិបត្តិឧស្សាហកម្ម និងអ្នករុករករ៉ែធ្យូងថ្ម លោក Trump បានពណ៌នាឥទ្ធិពលប៉ះពាល់នៃពន្ធនេះថា "ផ្ទុះកក្រើកបន្តិច" ប៉ុន្តែបានទទូចថា វិធានការនេះគឺសំខាន់ណាស់ចំពោះចក្ខុវិស័យរបស់លោក លើការធ្វើឱ្យឧស្សាហកម្មអាមេរិករស់រានឡើងវិញ។

លោកបន្ថែមថា "ពន្ធគឺចាប់ផ្ដើមហើយ" ហើយពេលនេះ ប្រាក់ជាច្រើនកំពុងហូរចូលសហរដ្ឋអាមេរិក ក្នុងកម្រិតមួយដែលមិនធ្លាប់មើលឃើញពីមុនមក។ យោងតាមលោក Trump ការដំឡើងពន្ធនេះបានបង្កើតប្រាក់យ៉ាងហោចណាស់ ២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។ លោកមិនបានផ្ដល់តួលេខលម្អិតទេ ហើយក៏មិនបញ្ជាក់ឡើយថា តើពន្ធណាដែលរកចំណូលបានច្រើនបែបនេះ ប៉ុន្តែសង្កត់ធ្ងន់ថា រដ្ឋបាលអាមេរិក ទទួលបានសំណើសន្ធឹកសន្ធាប់ពីប្រទេសជុំវិញពិភពលោក ដែលសង្ឃឹមថានឹងចរចាលើកលែងពន្ធ៕