ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារដោយយានដ្រូនក្នុងទ្រង់ទ្រាយធំទៅលើទីក្រុង Dnipro, Kharkiv និងទីក្រុង Kramatorsk របស់អ៊ុយក្រែន កាលពីល្ងាចថ្ងៃអង្គារ ដោយបង្កឲ្យមានអគ្គិភ័យ និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់រងរបួស។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ី បានបង្ហោះយានដ្រូនចំនួន ៥៥ គ្រឿង ក្នុងអំឡុងពេលនៃវាយប្រហារ កាលពីពេលយប់។
យោងតាមសេចក្តីថ្លែងការណ៍នៅលើបណ្តាញ Telegram បានឱ្យដឹងថា កងកម្លាំងទ័ពអាកាស បានបាញ់ទម្លាក់យានដ្រូនចំនួន៣២គ្រឿង ហើយយានដ្រូន៨គ្រឿងផ្សេងទៀតមិនបានទៅដល់គោលដៅនោះទេ ទំនងជាដោយសារតែវិធានការប្រឆាំងសង្គ្រាមនៃប្រព័ន្ធអេឡិចត្រូនិក។
សេចក្តីថ្លែងការណ៏ មិនបានបញ្ជាក់ពីអ្វីដែលបានកើតឡើងចំពោះយានដ្រូន ១៥ គ្រឿងដែលនៅសេសសល់ នោះទេ។