ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី៨ ខែមេសា) បាននិយាយថា លោកបានប្រាប់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ដែលបានសន្យាថា នឹងសាងសង់រោងចក្រ នៅសហរដ្ឋអាមេរិកថា ក្រុមហ៊ុននឹងត្រូវបង់ពន្ធរហូតដល់ ១០០ភាគរយ ប្រសិនបើខ្លួនមិនបង្កើតរោងចក្រនៅក្នុងប្រទេស។
អំឡុងពេលនិយាយនៅឯព្រឹត្តិការណ៍គណៈកម្មាធិការសភាជាតិនៃគណបក្សសាធារណរដ្ឋ លោកបានរិះគន់រដ្ឋបាលរបស់លោក Joe Biden ចំពោះការផ្តល់នូលនិធិចំនួន ៦,៦ពាន់លានដុល្លារអាមេរិកដល់អង្គភាពសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន TSMC ដើម្បីផលិតបន្ទះឈីប នៅទីក្រុង Phoenix រដ្ឋ Arizona ដោយលើកឡើងថា បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីប មិនត្រូវការប្រាក់នោះទេ។
លោកបានបន្ថែមថា៖ «សម្រាប់ក្រុមហ៊ុន TSMC ខ្ញុំមិនផ្តល់ប្រាក់ឲ្យទេ។ គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន គឺនិយាយថា ប្រសិនបើមិនសាងសង់រោងចក្រ នៅទីនេះទេ នឹងត្រូវបង់ពន្ធខ្ពស់»។
កាលពីខែមីនា ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោកបានលើកឡើងនៅឯសេតវិមានថា ខ្លួនគ្រោងនឹងបង្កើតការវិនិយោគថ្មីចំនួន ១០០ពាន់លានដុល្លារអាមេរិក នៅក្នុងសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំងការសាងសង់កន្លែងផលិតបន្ទះឈីបចំនួន ៥បន្ថែមទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះ៕