សមាជិកសភានៅក្នុងសភាជាន់ទាប ឬសភា Duma របស់រុស្ស៊ី កាលពីថ្ងៃអង្គារ (ទី៨ ខែមេសា) បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ២០ឆ្នាំជាមួយប្រទេសអ៊ីរ៉ង់ ដោយធ្វើឲ្យទំនាក់ទំនងយោធា និងនយោបាយកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំង២ នៅតែស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយប្រធានាធិបតី លោក Vladimir Putin និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីខែមករា មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលរួមមានវិស័យការពារជាតិ ការចែករំលែកព័ត៌មានសម្ងាត់ ពាណិជ្ជកម្ម និងថាមពលនុយក្លេអ៊ែរ។
នៅមុនការបោះឆ្នោតផ្ដល់សច្ចាប័ននេះ ប្រធានសភា Duma លោក Vyacheslav Volodin បាននិយាយកាលពីសប្តាហ៍មុនថា៖ «កិច្ចព្រមព្រៀងនេះនាំឲ្យទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់ទៅកាន់កម្រិតថ្មីទាំងស្រុង»។
លក្ខខណ្ឌដ៏សំខាន់មួយនៃសន្ធិសញ្ញានេះ គឺរុស្ស៊ី និងអ៊ីរ៉ង់ ប្ដេជ្ញាទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខរួមគ្នា ផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងបដិសេធមិនផ្តល់ជំនួយដល់អ្នកលុកលុយ ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារ។ ដោយមិនដូចកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយកូរ៉េខាងជើងដែលត្រូវបានផ្តល់សច្ចាប័ន កាលពីខែតុលា សន្ធិសញ្ញាជាមួយអ៊ីរ៉ង់នេះ ហាក់ដូចជាមិនរួមបញ្ចូលឃ្លាប្រយោគដែលអនុញ្ញាតឲ្យមានការដាក់ពង្រាយកងទ័ព ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធានោះឡើយ។
នៅក្នុងសុន្ទរកថាទៅកាន់សភា Duma អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បាននិយាយថា៖ «ការចុះហត្ថលេខាលើសន្ធិសញ្ញានេះ មិនមានន័យថា ជាការបង្កើតសម្ព័ន្ធមិត្តយោធាជាមួយអ៊ីរ៉ង់ ឬផ្ដល់ជំនួយយោធាឲ្យគ្នាទៅវិញទៅមកឡើយ»៕