កម្រិតពន្ធជុំថ្មីដែលដាក់ដោយលោកប្រធានាធិបតី Donald Trump បានចូលជាធរមានហើយ នៅព្រឹកថ្ងៃពុធ (ទី៩ ខែមេសា) នេះ សម្រាប់ផលិតផលដែលនាំចូលពីប្រទេសជាច្រើន នៅជុំវិញពិភពលោក។
ជុំនៃអ្វីដែលហៅថា ពន្ធបិដិការ មានកម្រិតលើសពីអត្រាមូលដ្ឋាន ១០ភាគរយដែលត្រូវបានដាក់លើប្រទេសជាច្រើនផ្សេងទៀត កាលពីចុងសប្តាហ៍។ ជារួម មិនមានប្រទេសណាមួយត្រូវបានលើកលែងនោះទេ ដោយការនាំចូលពីប្រទេសចំនួន ៨៦ ឥឡូវនេះ ត្រូវទទួលរងនូវអត្រាពន្ធខ្ពស់ ចាប់ពី ១១ភាគរយ ដល់ ៨៤ភាគរយ។

ប្រទេសចិន នឹងជួបប្រទះនូវកម្រិតពន្ធសរុបចំនួន ១០៤ភាគរយលើទំនិញនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។ អត្រាពន្ធថ្មីដ៏ធ្ងន់ធ្ងរនេះ ឆ្លុះបញ្ចាំងពីកាតព្វកិច្ចពន្ធ ២០ភាគរយដែលត្រូវបានដាក់នៅមុននេះ ពន្ធបន្ថែម ៣៤ភាគរយ និងការដំឡើងនៅនាទីចុងក្រោយ ៥០ភាគរយ ដែលលោក Trump បានចុះហត្ថលេខាកាលពីល្ងាចថ្ងៃអង្គារ (ទី៨ ខែមេសា)។
បើយោងតាមការបកប្រែរបស់ប្រព័ន្ធផ្សព្វផ្សាយ CNBC បានឲ្យដឹងថា នៅថ្ងៃអង្គារនោះ ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា៖ «ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើប្រទេសចិននេះ គឺជាកំហុសលើកំហុស។ ប្រទេសចិននឹងមិនទទួលយកចំណាត់ការបែបនេះជាដាច់ខាត ហើយប្រសិនបើសហរដ្ឋអាមេរិកទទូចដើរលើផ្លូវនេះ ប្រទេសចិននឹងគ្មានជម្រើសអ្វី ក្រៅពីតស៊ូឲ្យដល់ទីបញ្ចប់នោះទេ»។
សន្ទស្សន៍ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះរយៈពេល ៤ថ្ងៃជាប់ៗគ្នា ដោយសារការប្រកាសរបស់លោក Trump អំពីវិធានការពន្ធនេះ កាលពីថ្ងៃទី២ ខែមេសា។ សេតវិមាន និងលោក Trump បានលុបបំបាត់ក្ដីបារម្ភអំពីការធ្លាក់ចុះទីផ្សារភាគហ៊ុន ដោយលោកប្រធានាធិបតី បាននិយាយនៅឯសេតវិមានកាលពីថ្ងៃអង្គារថា «អាមេរិកនឹងក្លាយទៅជាអ្នកមានម្តងទៀតឆាប់ៗនេះ»៕


