អាជ្ញាធរសុខាភិបាលក្នុងតំបន់ នៅថ្ងៃពុធ (ទី៩ ខែមេសា) នេះ បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៦នាក់ក្នុងនោះរួមមានទាំងកុមារផងដែរ នៅក្នុងផ្ទះមួយ នៅតំបន់ Shejaia ក្នុងទីក្រុងហ្កាហ្សា។
ហើយគ្រូពេទ្យសង្គ្រោះបឋម បានប្រាប់ឲ្យដឹងថា មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារដែលបានត្រូវចំអគារលំនៅឋានច្រើនជាន់មួយ នៅជាយក្រុងភាគខាងកើតនៃទីក្រុងហ្កាហ្សា។ ពួកគេបាននិយាយថា មនុស្សជាច្រើននៅតែត្រូវបានគេជឿថា កំពុងបាត់ខ្លួន និងជាប់នៅក្រោមគំនរបាក់បែកនៃអគារ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ការវាយប្រហារនោះ បានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងផ្សេងទៀត នៅក្បែរនោះ។
ភ្លាមៗនេះ មិនមានការអត្ថាធិប្បាយពីកងទ័ពអ៊ីស្រាអែលនៅឡើយទេ។ កាលពីសប្តាហ៍មុន យោធាបានបញ្ជាឲ្យអ្នកស្រុកតំបន់ Shejaia ជម្លៀសចេញ ដោយប្រាប់ថា កងទ័ពមានបំណងធ្វើប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងតំបន់នេះ។
គួររំលឹកថា កាលពីខែមុន អ៊ីស្រាអែលបានចាប់ផ្ដើមប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ខ្លួនឡើងវិញ លើតំបន់ហ្កាហ្សា បន្ទាប់ពីមានបទឈប់បាញ់រយៈពេល ២ខែ ហើយបានបញ្ជូនទាហានត្រឡប់ចូលទៅដែនដីនេះវិញ។ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៤០០នាក់ គិតចាប់តាំងពីថ្ងៃទី១៨ ខែមីនា ជាពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មី៕