ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ (១០ មេសា) នេះ បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងផ្អាកវិធានការតបតដំបូងរបស់ខ្លួន ប្រឆាំងនឹងពន្ធគយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានបន្ទាបជាបណ្តោះអាសន្ននូវអត្រាពន្ធដែលលោកទើបតែដាក់លើប្រទេសរាប់សិប។
គួរបញ្ជាក់ថា EU គ្រោងនឹងចាប់ផ្តើមការដំឡើងពន្ធតបតលើទំនិញនាំចូលពីសហរដ្ឋអាមេរិកប្រហែល ២១ពាន់លានអឺរ៉ូ (២៣,២៥ពាន់លានដុល្លារ) ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីឆ្លើយតបទៅនឹងអត្រាពន្ធ ២៥ភាគរយរបស់លោក Trump លើដែកថែប និងអាលុយមីញ៉ូម។ ប្លុកនេះនៅតែកំពុងវាយតម្លៃពីវិធី ដើម្បីឆ្លើយតបនឹងពន្ធលើរថយន្ត និងអត្រាពន្ធ ១០ភាគរយយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិក ដែលនៅតែមានប្រសិទ្ធភាព។
លោកស្រី von der Leyen បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «យើងចង់ផ្តល់ឱកាសឲ្យការចរចា។ ខណៈពេលដែលបញ្ចប់ការអនុម័តវិធានការតបតរបស់សហភាពអឺរ៉ុប ដែលបានឃើញមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋសមាជិករបស់យើង យើងនឹងផ្អាកវិធានការនេះ សម្រាប់រយៈពេល ៩០ថ្ងៃ»។
នៅមុនពេលប្រកាសផ្អាកវិធានការពន្ធតបតផ្ទាល់របស់ EU លោកស្រី von der Leyen បាននិយាយថា ចំណាត់ការរបស់លោក Trump គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅការធ្វើឲ្យសេដ្ឋកិច្ចសកលមានស្ថិរភាព។ តែយ៉ាងណាក្ដី លោកស្រី បានព្រមានថា វិធានការទាំងនោះអាចត្រូវបានយកមកអនុវត្តវិញ៕