ប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) នេះ បានប្រកាសដាក់ទណ្ឌកម្មមន្ត្រីហ្សកហ្ស៊ីចំនួន ៤រូប ក្នុងមានរួមទាំងអនុរដ្ឋមន្ត្រីទី១ នៃក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេស គឺលោក Shalva Bedoidze ផងដែរ ដោយចោទប្រកាន់ពួកគេពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ការតវ៉ានៅហ្សកហ្ស៊ី បាននិងកំពុងបន្តមាន ចាប់តាំងពីខែវិច្ឆិកា នៅពេលដែលគណបក្សកាន់អំណាច Georgian Dream បាននិយាយថា ខ្លួនកំពុងផ្អាកកិច្ចពិភាក្សា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបរហូតដល់ឆ្នាំ២០២៨។
រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា លោក Bedoidze បានចូលរួមក្នុងវិធានការនានា ដែលបង្កើតបានជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គល ដែលតម្រូវឲ្យរួចផុតពីការប្រព្រឹត្ត ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬមិនផ្ដល់តម្លៃ។
រដ្ឋាភិបាលអង់គ្លេស បានបន្ថែមថា៖ «ជាពិសេស ក្នុងអំឡុងពេលនៃការតវ៉ាដែលបានកើតឡើងបន្ទាប់ពីមានការប្រកាសនូវការផ្អាកកិច្ចពិភាក្សា ស្តីពីការចូលជាសមាជិករបស់សហភាពអឺរ៉ុប ក្រសួងកិច្ចការផ្ទៃក្នុងរបស់ហ្សកហ្ស៊ី បានត្រួតពិនិត្យលើការប្រើប្រាស់អំពើហិង្សាមិនស្មើភាពរបស់កងកម្លាំងនគរបាល លើអ្នកតវ៉ា»។
បុគ្គលទាំង ៤រូប ត្រូវបានដាក់ទណ្ឌកម្មក្រោមរបបទណ្ឌកម្មសិទ្ធិមនុស្សជាសាកលរបស់អង់គ្លេស។ រដ្ឋាភិបាលហ្សកហ្ស៊ីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕