សេតវិមានបញ្ជាក់ថា ការដំឡើងពន្ធយ៉ាងខ្ពស់របស់លោកប្រធានាធិបតីអាមេរិក Donald Trumpដាក់គោលដៅលើមុខទំនិញចិន ដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ ១០ មេសា បាននាំឲ្យអត្រាពន្ធបន្ថែមរបស់ក្រុងវ៉ាស៊ីនតោនលើផលិតផលជាច្រើន ហក់ឡើងដល់ ១៤៥ ភាគរយ។

ក្រឹត្យរបស់សេតវិមានបានបង្ហាញថា ការផ្អាករយៈពេល ៩០ ថ្ងៃរបស់លោក Trump លើពន្ធកាតព្វកិច្ចថ្មី សម្រាប់ប្រទេសរាប់សិបបានចូលជាធរមានរួចហើយ។
ប៉ុន្តែលោកក៏បានបន្ថែមសកម្មភាពតាមរយៈការដំឡើងពន្ធថ្មីលើផលិតផលនាំចូលរបស់ចិនដល់១២៥% ជាតួលេខដែលត្រួតលើ២០% ជាពន្ធបន្ថែមកាលពីដំបូងនៃឆ្នាំនេះ ជុំវិញតួនាទីរបស់ចិនពាក់ព័ន្ធនឹងលំហូរចូលសារធាតុញៀន ហ្វង់តានីល (fentanyl) ។

នេះនាំឲ្យការចំណាយលើពន្ធសរុបដែលលោក Trump បានដាក់លើផលិតផលចិនក្នុងឆ្នាំនេះដល់ទៅ ១៤៥ ភាគរយ ដោយគិតលើការយកពន្ធដែលមានស្រាប់ពីរដ្ឋបាលកន្លងមក។

ប៉ុន្តែតួលេខចុងក្រោយបំផុត ១២៥% លើប្រទេសចិន ដែលមានគោលបំណងដោះស្រាយការអនុវត្តដែលទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថាអយុត្តិធម៌នោះ មានការលើកលែងគួរឱ្យកត់សម្គាល់។
ពន្ធនោះមិនរាប់បញ្ចូលផលិតផលដូចជាការនាំចូលដែកថែប និងអាលុយមីញ៉ូម ក៏ដូចជារថយន្ត ដែលលោក Trump បានដំឡើងពន្ធ២៥ ភាគរយ ដាច់ដោយឡែកពីគ្នា ក្រោមរបបដាច់ដោយឡែក។
ចំនួននេះក៏មិនអនុវត្តចំពោះទំនិញដូចជាទង់ដែង ឱសថ គ្រឿងអេឡិចត្រូនិក ឈើ និងផលិតផលថាមពល ដែលទំនិញមួយចំនួនលោក Trump បានផ្តល់សញ្ញាអំពីផែនការកំណត់គោលដៅដាច់ដោយឡែកផងដែរ៕