ក្រុមអ្នកវិភាគ និងអ្នកការទូតបាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការកៀសប្លុកអឺរ៉ុប និងមិនសម្របសម្រួលជាមួយបណ្តាប្រទេសអឺរ៉ុប អំពីការចរចារបស់ខ្លួនជាមួយអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ ១២ មេសា ស្អែកនេះ នឹងកាត់បន្ថយឥទ្ធិពលរបស់ខ្លួន ហើយនិងធ្វើឱ្យលទ្ធភាពនៃសកម្មភាពយោធារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ កាន់តែមានច្រើន។

ប្រភពការទូតអឺរ៉ុប ៣រូបបាននិយាយថា អាមេរិកមិនបានប្រាប់បណ្តាប្រទេសអឺរ៉ុប ពីកិច្ចចរចានុយក្លេអ៊ែរនៅអូម៉ង់ទេ មុនពេលលោកប្រធានាធិបតី Donald Trump ប្រកាសក្នុងថ្ងៃអង្គារសប្ដាហ៍នេះ បើទោះបីជាអឹរ៉ុប កំពុងកាន់សន្លឹកបៀសំខាន់ស្តីពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឡើងវិញលើទីក្រុងតេអេរ៉ង់ ក៏ដោយ។

លោក Blaise Misztal អនុប្រធានផ្នែកគោលនយោបាយនៅវិទ្យាស្ថានជ្វីហ្វ សម្រាប់សន្តិសុខជាតិរបស់អាមេរិក បាននិយាយថា "ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវការយុទ្ធសាស្ត្រការទូតសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ក្នុងការចរចាទាំងនេះជាមួយអ៊ីរ៉ង់"។ លោកបន្ថែមថា ការសម្របសម្រួលនោះមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រាកដថាមានសម្ពាធអតិបរមា ហើយជម្រើសការទូតណាមួយមានឱកាសជោគជ័យ។

លោក Trump ដែលបានស្ដារឡើងវិញនូវយុទ្ធនាការ "សម្ពាធអតិបរមា" លើទីក្រុងតេអេរ៉ង់ ក្នុងខែកុម្ភៈ បានគំរាមម្តងហើយម្តងទៀតក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយនិយាយថា អ៊ីស្រាអែលនឹងក្លាយជា "អ្នកនាំមុខនៃរឿងនោះ"។ ទោះយ៉ាងនេះក្ដី អ៊ីរ៉ង់នៅតែបន្តរុញច្រានតបតនឹងការគំរាមកំហែងទាំងនោះ៕