ប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញសហគមន៍អន្តរជាតិ ឲ្យកត់សម្គាល់អំពី«អំពើព្រៃផ្សៃ» ចុងក្រោយបង្អស់របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈពេលដែលសំដៅទៅលើការសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់របស់ប៉ាឡេស្ទីនចំនួន ១៥នាក់ នៅក្នុងឧបទ្ទវហេតុបាញ់ប្រហារ ដែលថតបាន តាមវីដេអូ។
បុគ្គលិកសង្គ្រោះបន្ទាន់ទាំងនោះ ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី ២៣ ខែមីនា ហើយត្រូវបានកប់នៅក្នុងផ្នូររាក់ៗ។ ដំបូងឡើយ យោធាអ៊ីស្រាអែល បានអះអាងថា ខ្លួនបានបើកការបាញ់ប្រហារ បន្ទាប់ពីរថយន្តដែលមិនមានសញ្ញាសម្គាល់បានចូលទៅជិតទាហានរបស់ខ្លួន ក្នុងភាពងងឹត ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរសេចក្តីថ្លែងការណ៍ បន្ទាប់ពីវីដេអូ បានលេចចេញឡើង ដែលបង្ហាញយ៉ាងច្បាស់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ ដែលបើកភ្លើង ត្រូវរងការវាយប្រហារ។
សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០២៣ បានបន្ត ទោះបីជាមានការអំពាវនាវជាអន្តរជាតិម្តងហើយម្តងទៀតសម្រាប់បទឈប់បាញ់ក៏ដោយ។ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ត្រូវបានគេរាយការណ៍ថា មានលើសពី ៥០.0000នាក់ ដោយមានស្ត្រី និងកុមារ ដែលជាផ្នែកដ៏សំខាន់នៃជនរងគ្រោះ។
អ្នកនាំពាក្យក្រសួងការបរទេសលោក លោក Shafqat Ali Khan បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«ប៉ាគីស្ថាន ថ្កោលទោស ដោយពាក្យធ្ងន់ៗបំផុតចំពោះការបន្តការឈ្លានពាន និងអំពើឃោរឃៅដែលប្រព្រឹត្តដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្កាហ្សា»។