ក្រុមអាជ្ញាធរអែល សាល់វ៉ាឌ័រ បានបង្ហាញសារធាតុកូកាអ៊ីនទម្ងន់ ១,៣តោន ដែលរឹបអូសបានដោយកងកម្លាំងកងទ័ពជើងទឹករបស់ពួកគេ អំឡុងប្រតិបត្តិការជិតឆ្នេរសមុទ្រ ដែលត្រូវបានធ្វើឡើងកាលពីចុងខែមីនាមកម្ល៉េះ ។
ប្រតិបត្តិការនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ១៨ ខែមីនា ពេលដែលក្រុមអាជ្ញាធរស្កាត់ជាប់ទូកមួយគ្រឿងនៅក្នុងសមុទ្រ ហើយនិងចាប់បានទូកទី ២ ដែលគេសង្ស័យថាទទួលបានគ្រឿងញៀនសម្រាប់ដឹកជញ្ជូនទៅទិសខាងជើង ។
រយៈពេល ៦ថ្ងៃក្រោយមក ពួកគេរកឃើញសារធាតុកូកាអ៊ីននៅលើទូកទី ៣ដែលមានតម្លៃប្រហែល ៣២,៥លានដុល្លារ ។
យោងតាមការអះអាងរបស់អគ្គរដ្ឋអាជ្ញាអែល សាល់វ៉ាឌ័រលោក Rodolfo Delgado បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះដែរ មនុស្ស ៩នាក់ ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិហ្គាតេម៉ាឡា ៦នាក់ និងជនជាតិអេក្វាឌ័រ ៣នាក់ ៕