នគរបាលក្រិក កាលពីថ្ងៃសុក្រ (ទី១១ ខែមេសា) បានឲ្យដឹងថា ការផ្ទុះមួយបានកើតឡើងនៅខាងក្រៅការិយាល័យនៃក្រុមរថភ្លើង Hellenic Train ក្នុងទីក្រុងអាតែន ដោយបន្ថែមថា មិនទាន់មានរបាយការណ៍ភ្លាមៗ អំពីអ្នករងរបួសនៅឡើយទេ។
មន្ត្រីនគរបាលបាននិយាយថា កម្លាំងនគរបាលបានបិទតំបន់នោះ បន្ទាប់ពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយក្រិកចំនួន ២ បានទទួលការហៅទូរសព្ទព្រមានថា គ្រឿងផ្ទុះនឹងផ្ទុះឡើងក្នុងរង្វង់រយៈពេល ៣៥នាទី។ កាបូបគួរឲ្យសង្ស័យមួយត្រូវបានប្រទះឃើញនៅខាងក្រៅអគារដែលមនុស្សត្រូវបានជម្លៀសចេញ។
ការស៊ើបអង្កេតកំពុងដំណើរការ។ មន្ត្រីនគរបាលម្នាក់បាននិយាយថា ការផ្ទុះទំនងជាបង្កឡើងដោយគ្រាប់បែកកែច្នៃដោយដៃ។ ភ្លាមៗនេះ មិនទាន់មានការអះអាងទទួលខុសត្រូវនៅឡើយទេ ចំពោះហេតុការណ៍នេះ។
Hellenic Train គឺជាអង្គភាពមួយនៃក្រុមហ៊ុនអយស្ម័យយាន Ferrovie dello Stato របស់ប្រទេសអ៊ីតាលី ដែលដំណើរការផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ នៅក្នុងប្រទេសក្រិក៕