កំពង់ឆ្នាំង៖ ពិធីបើកសង្ក្រាន្តមុន១ថ្ងៃនៃពីធីបុណ្យចូលឆ្នាំថ្មីរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានប្រព្រឹត្តិទៅដោយរលូន និងមានប្រជាពលរដ្ឋជាច្រើនកុះករចូលរួមសប្បាយរីករាយនឹងការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរជាមួយថ្នាក់ដឹកនាំ ដែលមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ, លោកជំទាវ កែ ចន្ទមុនី អ្នកតំណាងរាស្រ្ត, ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, និងកងកម្លាំង មន្រ្តីររាជការជុំវិញខេត្ត ក្រោមដំបូលសុខសន្ដិភាព។
មួយថ្ងៃមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករនៅមុខសាលាខេត្តកំពង់ឆ្នាំងជាមួយនឹងទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ចាវ រីករាយខ្លាំងណាស់ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តដ៍អស្ចារ្យនេះរបស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិសេសគឺប្រជាពលរដ្ឋបានរស់នៅក្រោមម្លប់សុខសន្តិភាព ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមលើសនេះ គ្រាន់តែមុន១ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋយើងបានចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ដូចជាទាញព្រាត់ រាំចង្វាក់ប្រពៃណីខ្មែរ វាយក្អម លាក់កន្សែង ចោលឈូង និងការលេងកំសាន្តល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរផ្សេងទៀតជាច្រើន ជាមួយនឹងទឹកមុខពេញចិត្តពេញថ្លើមខ្លាំងក្នុងសម័យសន្តិភាពយើងនេះ។
ពិធីបើកសង្ក្រាន្តមុន១ថ្ងៃនៃពីធីបុណ្យចូលឆ្នាំថ្មីនេះ ក្នុងទឹកមុខប្រជាពលរដ្ឋ និងយុវជន ហាក់គ្មានព្រួយបារម្ភអ្វីឡើយ ព្រោះប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញបរិបូណ៌ សន្តិសុខសណ្តាប់ធ្នាប់រៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានយ៉ាងមានប្រសិទ្ធភាព៕ កាំង ហុងវាស្នា










