ចៅក្រមអាមេរិកម្នាក់ នៅរដ្ឋ Vermont កាលពីថ្ងៃចន្ទ (ទី១៤ ខែមេសា) បានបញ្ជាឲ្យរដ្ឋបាលរបស់លោក ត្រាំ (Trump) កុំឲ្យនិរទេសនិស្សិតសាកលវិទ្យាល័យ Columbia និងសកម្មជនគាំទ្រប៉ាឡេស្ទីន ដែលត្រូវបានចាប់ខ្លួន នៅពេលមកដល់សម្រាប់ការសម្ភាសន៍ជុំវិញញត្តិសញ្ជាតិអាមេរិករបស់ខ្លួននោះ។

វីដេអូបានបង្ហាញ Mohsen Mahdawi ជាប់ខ្នោះដៃ ត្រូវបានដឹកនាំចេញពីអគារមួយ ដោយភ្នាក់ងារសហព័ន្ធ ហើយបានដាក់ចូលទៅក្នុងរថយន្តមួយគ្រឿង កាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អាចបញ្ជាក់វីដេអូតាមទីតាំងដោយអគារ facade រង្វង់មូល ប្លង់ផ្លូវ និងដើមឈើ ដែលត្រូវគ្នានឹងឯកសារ និងរូបភាពផ្កាយរណប។ កាលបរិច្ឆេទដែលវីដេអូត្រូវបានថត ត្រូវបានផ្ទៀងផ្ទាត់ដោយទិន្នន័យព័ត៌មានឯកសារដើម។

ចៅក្រមតុលាការសហព័ន្ធលោក William Sessions បានបញ្ជាឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត មិនឲ្យបណ្តេញលោក Mohsen Mahdawi ចេញពីសហរដ្ឋអាមេរិក ឬនាំយកលោកចេញពីរដ្ឋ Vermont ទេ។
មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើ សុំព័ត៌មាននោះទេ។
លោក Mahdawi បានកើត និងធំដឹងក្តី នៅក្នុងជំរំជនភៀសខ្លួន នៅតំបន់វេសបែង (West Bank) គឺជានិស្សិតសាកលវិទ្យាល័យ Columbia ដែលគ្រោងនឹងត្រឡប់មកវិញសម្រាប់ថ្នាក់អនុបណ្ឌិត នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥។ នេះបើយោងតាមសំណើពីមេធាវីរបស់លោក ដើម្បីរក្សាទុកលោក នៅរដ្ឋVermont ។