របាយការណ៍របស់សារព័ត៌មានអន្តរជាតិ«The Washington Post»បានឲ្យដឹងកាលថ្ងៃចន្ទថា៖«ក្រុមសកម្មប្រយុទ្ធ បានប្រើប្រាស់អាវុធដែលបោះបង់ចោលដោយកងកម្លាំងអាមេរិក ក្នុងប្រទេសអាហ្វហ្គានីស្ថាន អំឡុងពេលការប្លន់រថភ្លើងដ៏សាហាវមួយ កាលពីខែមុន នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន។

ប្រទេសប៉ាគីស្ថាន បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះវត្តមានអាវុធទំនើបៗរបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលទីក្រុងវ៉ាស៊ីនតោន បានស្វែងមេដឹកនាំតាលីបង់អាហ្វហ្គានីស្ថាន នៅកាប៊ុលឲ្យប្រគល់អាវុធទាំងមកខ្លួនវិញ។ ទីក្រុងអ៊ីស្លាម៉ាបាដ បានជំរុញឲ្យអង្គការសហប្រជាជាតិយកអាវុធទាំងនេះមកវិញ ដោយព្រមានថា ក្រុមសកម្មប្រយុទ្ធដូចជា Tehreek-e-Taliban Pakistan (TTP) និង កងទ័ពរំដោះជនជាតិភាគតិចបាឡូច [ Baloch Liberation Army (BLA)] កំពុងទទួលបានសិទ្ធិចូលប្រើប្រាសអាវុធទាំងនោះ។

ក្រុមសកម្មប្រយុទ្ធនៃកងទ័ព BLA បានសម្រុកចូលរថភ្លើង Jaffar Express ក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីខែមុន ដោយបានចាប់អ្នកដំណើររាប់រយនាក់ ធ្វើជាចំណាប់ខ្មាំង។ យោធាបាននិយាយថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន ៣៣នាក់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះដែលមានរយៈពេលជាង ២៤ ម៉ោង។ យោធានេះ បានបន្ថែមថា ការប្លន់នោះ បានសម្លាប់ទាហាន បុគ្គលិក និងជនស៊ីវិល ៣១នាក់។