សមាគមដែលតំណាងឲ្យបុគ្គលិកសិក្សានៅសាកលវិទ្យាល័យកាណាដា កំពុងព្រមានសមាជិករបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរដែលមិនសំខាន់ទៅកាន់សហរដ្ឋអាមេរិក។
សមាគមគ្រូបង្រៀនសាកលវិទ្យាល័យកាណាដា បានចេញផ្សាយការណែនាំអំពីការធ្វើដំណើរ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារ ដោយសារតែ «បរិយាកាសនយោបាយ» ដែលបង្កើតឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) និងរបាយការណ៍អំពីជនជាតិកាណាដាមួយចំនួន ជួបប្រទះការលំបាក ក្នុងការឆ្លងកាត់ព្រំដែន។
សមាគមនេះ បាននិយាយថា អ្នកសិក្សាដែលមកពីបណ្តាប្រទេសដែលមានទំនាក់ទំនងការទូតតានតឹងជាមួយសហរដ្ឋអាមេរិក ឬ ដែលបានបញ្ចេញទស្សនៈអវិជ្ជមានអំពីរដ្ឋបាលលោក ត្រាំ គួរតែប្រុងប្រយ័ត្នជាពិសេសចំពោះការធ្វើដំណើរ ទៅអាមេរិក។
ការព្រមានរបស់សមាគមនេះ ត្រូវបានផ្តោតជាពិសេសទៅលើអ្នកសិក្សា ដែលកំណត់អត្តសញ្ញាណ ជាអ្នកកែភេទ ឬ «ការស្រាវជ្រាវដែលអាចត្រូវបានគេមើលឃើញថា មានភាពផ្ទុយគ្នាទៅនឹងជំហររបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន»។
លើសពីនេះ សមាគមនេះ និយាយថា អ្នកសិក្សាគួរពិចារណាឲ្យបានហ្មត់ចត់នូវព័ត៌មានដែលពួកគេមាន ឬចាំបាច់ត្រូវមាននៅលើឧបករណ៍អេឡិចត្រូនិករបស់ពួកគេ នៅពេលឆ្លងកាត់ព្រំដែននិងចាត់វិធានការដើម្បីការពារព័ត៌មានសំខាន់ៗ។